ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿនជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ក្រឡាប់ផ្ងារជើងច្រង៉ាង លើផ្លូវ២៧១

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តលុចស៊ីស RX330មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ៣កង់ ក្រឡាប់ផ្ងារជើងច្រង៉ាង បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0026 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ពីជើងមកត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន ៣កង់ ក្រឡាប់ផ្ងារជើងច្រង៉ាង រងការខូចខាតយ៉ាងដំណំតែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបរបានចេញបាត់ពីកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់