ភ្នំពេញៈ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានដាក់ផែនការ និងបទបញ្ជា ដល់កងកម្លាំងនគរបាលទូទាំងខណ្ឌ ដើម្បីត្រៀមកាតព្វកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់នាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ នៅតាមគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមក្នុងពិធីមួយនេះ ប្រកបដោយភាព សប្បាយរីករាយ និងកក់ក្តៅ។
ការដាក់ផែនការដល់កងកម្លាំងនគរបាលខាងលើនេះ ក៏មានការចូលរួមពីលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកអធិការបានមានប្រសាសន៍ថា ដោយសាររដូវបុណ្យភ្ជុំបិណ្ឌ នឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ កម្លាំងរបស់យើងតាមមូលដ្ឋានត្រូវត្រៀមកម្លាំងប្រចាំការនៅតាមទីវត្តអារាម ដោយសហការជាមួយកម្លាំងប្រជាការពារភូមិ អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាឲ្យបរិយាកាសនៃពិធីបុណ្យជាតិមួយនេះ ប្រកបទៅដោយរលូន។
លោកអធិការបានជំរុញ និងបន្តដាក់ផែនការ ដល់កងកម្លាំង ត្រូវយាមកាម រឹតបន្តឹងបញ្ហាសន្តិសុខនៅតាមទីប្រជុំ និងកន្លែងលក់មាស ប្តុរប្រាក់ ដែលមុខសញ្ញាល្មើសអាចធ្វើសកម្មភាពនៅទីនោះ។
សម្រាប់ការងារល្បាតតាមមូលដ្ឋាននោះលោកអធិការ ក៏បានណែនាំឲ្យអនុវត្តជាប្រចាំទាំងថ្ងៃទាំងយប់ ជាពិសេសបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាលួច ឆក់ប្លន់ និងប្រើប្រាស់គ្រឿងញៀនឲ្យបានកុំឲ្យបញ្ហានេះ កាន់តែរីកសាយភាយខ្លាំងឡើងដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ៕





មតិយោបល់