ព្រៃវែងៈ មនុស្ស៥នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត ប៉ុន្តែអកុសលមិនទាន់ទៅដល់មន្ទីរពេទ្យផងស្រាប់តែមានម្នាក់បាត់បង់ជីវិត បន្ទាប់ពីពួកគេត្រូវបានគូភាគីម្ខាងដែលជាដន្លង ចាក់នឹងដែកឆាប ។
សមត្ថកិច្ចបាននិយាយថា ក្រោយប៉ះសម្តីរវាងដន្លង និងដន្លងបន្តិចក្រោយមកស្រាប់តែមានមនុស្សដេកដួលរណូករណែល ខណៈដែលមនុស្ស២នាក់ជាឪពុកនិងកូន ប្រើដែកឆាបចាក់ទៅលើមនុស្ស៥នាក់ ។
ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចប្រាប់ថា ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកូនពោធិ៍ពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមស្ត្រីម្នាក់ឈ្មោះ ជុនណារី អាយុ៣៧ឆ្នាំ ដែលជាសាច់ញាតិជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា ដំបូងឡើយដន្លងនិងដន្លង បានប៉ះពាក្យសម្តីគ្នា រហូតក្លាយទៅជាអំពើហិង្សានិងប្រើដែកឆាបចាក់គ្នា ពេលនោះស្រាប់តែមាន អ្នកភូមិទៅមើលបន្ទាប់ពីមានការភ្ញាក់ផ្អើលនិងឭសូរសម្លេង ប៉ុន្តែអ្វីដែលសោកស្តាយបំផុតនោះ គឺអ្នកភូមិជាច្រើននាក់ ត្រូវបានបុរសឪពុកនិងកូន ចាក់បណ្តាលឲ្យរងរបួស ។
បើតាមរបាយការណ៍របស់ប៉ូលិស មនុស្ស៥នាក់ ដែលរងរបួស ទី១ឈ្មោះ ខន ណៅភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិភូមិឃុំកើតហេតុ របួសធ្ងន់។ ទី២ឈ្មោះជិន សេន ភេទប្រុស អាយុ៣៩ឆ្នាំ។ ទី៣ឈ្មោះ ប៉ិន មឿន អាយុ២៦ឆ្នាំ រងរបួសស្រាល។ ទី៤ឈ្មោះ អាត រស់ អាយុ២៨ឆ្នាំ រងរបួសស្រាល។ និងជនរងគ្រោះ ទី៥ឈ្មោះ ត្រេន ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងអស់មានទីលំនៅភូមិឃុំស្រុកជាមួយគ្នា។ ដោយឡែកជនសង្ស័យត្រូវបានគេប្រាប់ថា ឈ្មោះ ឈនឆាន ភេទប្រុស អាយុ៤៨ឆ្នាំ និងកូនប្រុសឈ្មោះ ឆាន ប៉ាវ អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃរ៉ូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ពេលនេះបានរត់គេចខ្លួនបាត់ហើយ បន្ទាប់ពីចាក់អ្នកភូមិ និងដន្លង រងរបួសជាច្រើននាក់។ ទោះជាបែបណា ករណីនេះសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ដែរបន្ទាប់ពីសាច់ញាតិជនរងគ្រោះបានប្តឹងផ្ទាល់មាត់ ប៉ុន្តែមិនទាន់ពេល ពោលគឺជនបង្កគេចខ្លួន និងជនរងគ្រោះរងរបួសទៅហើយ។
ក្រោយពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញម៉ូតូមួយគ្រឿង ដែលជារបស់ជនសង្ស័យ និងដែកឆាបផងដែរ ។ បន្ទាប់មកសមត្ថកិច្ចក៏ធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីធ្វើរបាយការណ៍ទៅលើ និងចាត់ការទៅតាមផ្លូវច្បាប់៕









មតិយោបល់