កំពង់ចាមៈ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៤៨នាក់ ដែលបានពុលក្ដាមប្រៃ ក្រោយពីបរិភោគរួច បណ្តាលឲ្យមានអាការៈក្អួតចង្អោរ រាគរូស និងល្ហិតល្ហៃអស់កម្លាំងក្នុងខ្លួន ត្រូវបានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំបារាយណ៍ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១ តុលា ២០១៦នេះ ជនរងគ្រោះបានធូរស្បើយឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញអស់ហើយ។
គួររំលឹកថា ករណីពុលក្ដាមប្រៃនេះ បានកើតឡើងកាលពីរសៀលរហូតដល់យប់ថ្ងៃទី២៩ កញ្ញា ២០១៦ នៅភូមិចំនួន៤ ក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋដែលរងគ្រោះដោយការពុលក្តាមប្រៃចំនួន៤៨នាក់ ធ្ងន់ធ្ងរចំនួន៣៧នាក់ នៅភូមិស្បាអំពិលមានចំនួន៣នាក់ ភូមិកំផ្លាក់ចំនួន២០នាក់ និងភូមិបន្ទាយចំនួន២៥នាក់ ជនរងគ្រោះបានជាសះស្បើយឡើងវិញ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានផងដែរ៕
មតិយោបល់