ពោធិ៍សាត់ៈ បុរសម្នាក់ ចេញពីវង់ផឹកស៊ីវិញ រួចឡើងជិះម៉ូតូធាក់បញ្ឆេះដាក់លេប ហក់ទៅបុកសសរផ្ទះ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះដែលដួលបោកក្បាលស្លាប់ខាងលើនេះមានឈ្មោះសាំង កុសល ហៅមួយ ភេទប្រុស អាយុ២៧ឆ្នាំបច្ចុប្បន្ននៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ ហ៊ីម ម៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះកើតហេតុខាងលើ ខណៈដែលផឹកស្រវឹងហើយនោះ ជនរងគ្រោះបានដើរចេញពីក្នុងវង់ផឹកស៊ីរួចឡើងជិះធាក់បញ្ចេះក្នុងបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែខណៈដែលជនរងគ្រោះដាក់លេខម៉ូតូស្របពេលកំពុងស្រវឹងផងនោះ ទប់ជំហរមិនទាន់ក៏ស្ទុះហក់ទៅបុកជាមួយនឹងសសរផ្ទះ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យចុះមកពិនិត្យសាកសពជនរងគ្រោះដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែដួលម៉ូតូបោកក្បាល ពិតប្រាកដមែន ហើយបច្ចុប្បន្នចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់