ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ធ្វើការចាប់ឃាត់ខ្លួនពីបទ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ លុះបានមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នេះ កំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នា ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចនៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ។ ក្នុងនោះជនសង្ស័យទី១ឈ្មោះ ស៊ីម ណាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរត់តុនៅភោជនីយដ្ឋាន AWJ ស្នាក់នៅក្នុងហាង តាមបណ្តោយផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។និងជនសង្ស័យ២ឈ្មោះ ភឿន សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនAWJ ស្នាក់នៅជាមួយគ្នា ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនចំនួន០១កញ្ចប់តូច , ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅឆ្នាំ២០០៧ ឡើងតែម២០១៥ ពាក់ស្លាកលេខភ្នំពេញ 1AP-7619 រួមនិងវិទ្យុទាក់ទងចំនួនមួយគ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕






មតិយោបល់