ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ បុកពីក្រោយម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ រងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤បើកបរក្នុងល្បឿនជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ មួយគ្រឿងទៀតពេញទំហឹង ក្នុងខណ:កំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ។

ម៉ូតូហុងដាឌ្រីមសេ១២៥ទាំង ២គ្រឿង ដែលបើកបុកគ្នានោះ ១គ្រឿងស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-0125 ជិះគ្នា ២នាក់ រងរបួសស្រាល ។ចំណែក ១គ្រឿងទៀតស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FI-3550 ជិះម្នាក់ឯងរងរបួសធ្ងន់។

ស្រ្តីម្នាក់បាននិយាយថា នៅមុនពេលកើតហេតុម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ជិះគ្នា២នាក់បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២៥ ជិះម្នាក់ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពេញទំហឹង។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណ:នោះបណ្ដាលឲ្យដួលទាំងអស់គ្នា ប៉ុន្តែបានបណ្ដាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤រងរបួសធ្ងន់ធ្ងរ។ បន្ទាប់មកត្រូវបានអ្នកនៅជិតនោះដឹកតាមម៉ូតូនាំទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ រងរបួស្រាលទាំង ២នាក់។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅដល់មុន ហើយបានផ្ដល់ដំណឹងដល់នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅនាំយកម៉ូតូទាំង ២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់