ព័ត៌មានជាតិ

សាយ សំអាល់ ៖ ថង់ប្លាស្ទិចប៉ះពាល់​ខ្លាំងដល់បរិស្ថាន

ភ្នំពេញៈ ក្រោយបញ្ចប់ការពិភាក្សាកាលពីព្រឹកមិញនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងកម្មវិធីវេទិកានាយពន្ធនាយក ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា អំពីការលើកឡើងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចាប់អារម្មណ៍ថា ថង់ប្លាស្ទិចជាកត្ដាសំខាន់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។

លោក សាយ សំអាល់ បានលើកឡើងទៀតថា ពេលនេះ ខាងជំនាញកំពុងតែសិក្សា ថាតើត្រូវញែកថង់ប្លាស្ទីចរបៀបណា ឬហាមឃាត់មិនឲ្យនាំចូល។ បើតាមលោក សាយ សំអាល់ “យើងបានកំណត់ប្រភេទ យើងបានមើលអស់ហើយ ក៏ប៉ុន្តែយើងនៅពិភាក្សាគ្នាបន្ត …. ត្រូវច្បាស់មែនទែនអាហ្នឹង ព្រោះកាលណាយើងដាក់វិធានការចេញអីទៅមួយ វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន អាហ្នឹងការងារមិនមានប្រសិទ្ធភាពទេ”។ ថង់ប្លាស្ទិចមានជាច្រើនប្រភេទ ដោយថង់ប្លាស្ទិចខ្លះអាចនៅក្នុងដីបានយូរ ហើយថង់ប្លាស្ទិចខ្លះ យើងមិនត្រូវឲ្យនាំចូលតែម្ដង។ នេះបើការបញ្ជាក់បន្ថែមពីលោក សាយ សំអាល់។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានវ័យក្មេងរូបនេះ បានរំលេចថា ថង់ប្លាស្ទីចបង្កផលប៉ះពាល់ជាច្រើនដូចជា កប់ចូលទៅក្នុងដីឲ្យក្លាយទៅជាសំរាម ឬហូរចូលទឹកស្ទឹង ទន្លេ សមុទ្រ បំផ្លាញសុខភាព និងគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ពិសេសប៉ះពាល់បរិស្ថានជាដើម។ ហើយថង់ប្លាស្ទិច ត្រូវបានលោក សាយ សំអាល់ បញ្ជាក់ថា នាំចូលមកពីគ្រប់បណ្ដាប្រទេស ហើយយើងត្រូវមើលច្រករបស់យើង តើទំនិញប្រភេទណាគួរនាំចូល ទំនិញប្រភេទណាមិនគួរនាំចូល។

ក្រៅពីនោះលោករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានចាប់អារម្មណ៍ទៅលើបទល្មើសព្រៃឈើផងដែរ ដោយលោកបញ្ជាក់ថា បច្ចុប្បន្នតាមបណ្ដាខេត្តមួយចំនួននៅមានបទល្មើសខ្លះៗ ហើយលោកក៏ទទួលបានពាក្យបណ្ដឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋផងដែរ ប៉ុន្តែលោកទាមទារឲ្យមន្រ្តីតាមមន្ទីរនៅតាមបណ្ដាខេត្តទាំងអស់ចេញមុខដោះសា្រយពាក់ព័ន្ធនឹងបទល្មើសនេះ មិនត្រូវរំពឹងតែក្រសួងដោះស្រាយនោះទេ៕

photo_2016-10-06_14-25-36photo_2016-10-06_14-25-24photo_2016-10-06_14-25-27photo_2016-10-06_14-25-29photo_2016-10-06_14-25-31photo_2016-10-06_14-25-33

មតិយោបល់