ភ្នំពេញៈ ពិធីបុណ្យសមុទ្រឆ្នាំលើកទី៥ គ្រោងនឹងរៀបចំពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៦ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ ហើយនេះ គឺជាលើកទី២ សម្រាប់ខេត្តព្រះសីហនុ ដែលទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រ បន្ទាប់ពីការរៀបចំលើកទី១ ប្រកបដោយជោគជ័យកាលពីឆ្នាំ២០១១។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ក្រោមវត្តមាន ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរខេត្តព្រះសីហនុ មន្ទីរជំនាញ សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងតំណាងផែ្នកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍។
កិច្ចប្រជុំបានធ្វើការពិភាក្សា និងបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ មានដូចជា ការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីៗ និងប្រព័ន្ធទឹក ភ្លើងនៅទីក្រុង ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តថ្មី ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យទីក្រុង និងតំបន់ឆ្នេរកម្សាន្ត ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ (សេវាស្នាក់នៅហូបចុក ដឹកជញ្ជូន នាវាទេសចរណ៍ តាក់ស៊ី…) និងចលនាប្រជាជនរៀបចំផ្ទះស្នាក់សម្រាប់ទេសចរ ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរតំបន់ឆ្នេរខ្សាច់ និងកីឡាលើទឹក ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលទេសចរណ៍ថ្មីៗ ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងពិព័រណ៍ម្ហូបអាហារ ការរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រឲ្យល្អ មានលក្ខណៈពិសេស និងមានភាពទាក់ទាញជាងឆ្នាំកន្លងមក និងការរៀបចំសកម្មភាពបុរេព្រឹត្តិការណ៍ឆ្ពោះទៅរកបុណ្យសមុទ្រ ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាតឆ្នេរស្អាតដោយកែលម្អសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងសណ្តាប់ធ្នាប់សោភ័ណភាពឆ្នេរខ្សាច់កម្សាន្ត ការពង្រឹង និងបង្កើនគុណភាពសេវាកម្មទេសចរណ៍ ការរៀបចំសិក្ខាសាលា វេទិកាស្តីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ កីឡានៅតាមតំបន់ទេសចរណ៍នានា… និងការរៀបចំជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍បុណ្យសមុទ្រចាប់ពីឥឡូវនេះតទៅ។
ជាមួយគ្ននោះលោករដ្ឋមន្រ្តីបានណែនាំឲ្យគណៈអភិបាលខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តខិតខំរៀបចំ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឲ្យបានល្អ សក្តិសមជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងការប្រសិទ្ធនាមឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនីរតី ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រក្លាយជាព្រឹត្តិការណ៍របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គ្រួសារ។ ត្រូវចាត់ទុកបុណ្យសមុទ្រជាឱកាសមួយដ៏ល្អ ដើម្បីជំរុញការអភិវឌ្ឍន៍ទីក្រុងព្រះសីហនុជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ៕
មតិយោបល់