កំពង់ចាមៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកចំការលើ រួមនិងនគរបាលស្រុកកងមាស ធ្វើការចាប់ឃាត់ខ្លួនដោយមានម្នាក់ជាប់ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនជាក់ស្តែង និងម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបង្គាប់របស់សាលាដំបូងខេត្ត ពាក់ពន្ធ័នឹងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនទាំង២នាក់នេះ ទី១ឈ្មោះ លាង សាវុធ ភេទប្រុស អាយុ៣៧ឆ្នាំស្នាក់នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកចំការលើ ធ្វើការចាប់ឃាត់ខ្លួនបានកាលពី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយសមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៧កញ្ចប់ (០៤កញ្ចប់ធំ និង០៣កញ្ចប់តូច) ប្រាក់ដុល្លារចំនួន២៣៥ដុល្លារ ប្រាក់រៀលចំនួន ១,០០០,០០០ រៀល និងទូរស័ព្ទដៃចុចពិលចំនួន០១គ្រឿង ។ ហើយបច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយកាលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានបន្តថា ចំណែកជនសង្ស័យទី២មានឈ្មោះ ណយ វិរៈ ហៅវី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិស្វាយតាហែន ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការគយ ចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨៩ត.ព្រ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ចេញដោយលោកហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទ សម្រួលឲ្យប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិស្វាយតាហែន ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាមបទល្មើសព្រហ្មទណ្ឌដែលបានចែងនិងផ្ដន្ទាទោសតាម បញ្ញត្តិមាត្រាលេខ៤៤និងមាត្រាលេខ៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តកំពង់ចាម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕
មតិយោបល់