ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ជំរុញការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ នៅតំបន់បឹងកក់ ឲ្យលឿន

ភ្នំពេញ : អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី២៧ ខែមេសា បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់។

ការចុះពិនិត្យដោយថ្មើរជើងនេះលោកអភិបាល បានជំរុញការរៀបចំតភ្ជាប់ផ្លូវក្រោយសណ្ឋាគារភ្នំពេញ កាត់តាមវិហារឥស្លាម ចេញមកផ្លូវ ក្នុងតំបន់បឹងកក់ ឬហៅផ្លូវR4។ ជំរុញការតភ្ជាប់ផ្លូវR9 និងផ្លូវR10 ដែលជាផ្លូវ រំដោះចរាចរណ៍ ពីតំបន់ទួលគោក ទៅជ្រោយចង្វារ ឬកាល់ម៉ែត្រ។ ពិសេសផ្លូវមួយខ្សែដែលភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅកាន់ចំណុចភ្លើងស្តុបផ្លូវលេខ៧០ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ជំរុញការស្ថាបនាស្ថានីយ៍បូមទឹកទួលគោក២ ដែលបាននឹងកំពុងសាងសង់នៅលើប្រឡាយបាក់ទូក ដើម្បីបង្ហូរទឹកទៅភាគខាងជើងនៃរាជធានីភ្នំពេញឲ្យបានរួចរាល់មុនរដូវវស្សាខាងមុខនេះ។

បើតាមមន្ត្រីជំនាញ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយ៍បូមទឹកថ្មីនេះ ត្រូវបានស្ថាបនាសម្រេចបាន៨០ភាគរយហើយ។ នៅពេលចប់រួចរាល់ ស្ថានីយ៍នេះ មានសមត្ថភាពបូមទឹករហូតដល់៥ម៉ែត្រគូប ក្នុងមួយវិនាទី ដែលលើសពីស្ថានីយចាស់ចំនួន៣ដង ហើយជាកន្លែងបញ្ចេញទឹកពីតំបន់ផ្សារដេប៉ូ តំបន់៧មករា កម្ពុជាក្រោម ជាដើម។

លោក អភិបាល មានប្រសាសន៍ថា ការអភិវឌ្ឍតំបន់បឹងកក់ ត្រូវតែធ្វើឲ្យបានលឿន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងទឹកលិចជុំវិញតំបន់បឹងកក់ឲ្យប្រសើរនាពេលឆាប់ៗខាងមុខនេះ។

តំបន់បឹងកក់ទំហំ១០០ហិកតា ដែលធ្លាប់តែញាំញីទៅដោយភក់ជ្រាំ និងសំណង់អនាធិបតេយ្យ ត្រូវបានរាជរដ្ឋាភិបាល ជួលទៅឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្វើការវិនិយោគរយៈពេល៩៩ឆ្នាំ ដើម្បីប្រែក្លាយតំបន់នោះ ឲ្យទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏ទាក់ទាញ។ ដោយមានប្រព័ន្ធផ្លូវថ្នល់ ភ្លើងអគ្គិសនី និងអគារទំនើប។

តាមរយៈការអភិវឌ្ឍតំបន់នេះ បានធ្វើឲ្យមានការដោះដូរលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤.២៥២គ្រួសារ ក្នុងនោះជាង៣.០០០គ្រួសារ បានទទួលគោលនយោបាយទៅរស់នៅកន្លែងថ្មី និងជាង១.០០០គ្រួសារទៀត ទទួលបានការអភិវឌ្ឍនៅនឹងកន្លែង៕

0001 0002 0003

មតិយោបល់