ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទណ្ឌិត ២៩៤នាក់ គ្រោងដោះលែង នៅថ្ងៃបុណ្យពិសាខបូជា

ភំ្នពេញ: ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ បានជួបប្រជុំគ្នាធ្វើការពិចារណាដើម្បីឈានទៅលើកលែងទោសដល់ទណ្ឌិត មកពីពន្ធនាគារចំនួន១២ទូទាំងប្រទេស យ៉ាងហោចណាស់២៩៤នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានប្រជុំពិភាក្សា និងពិនិត្យយ៉ាងតឹងរឹងបំផុត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំនេះ បានស្ដីបន្ទោសធ្ងន់ៗទៅលើភាពធូររលុង នៃការអនុវត្តន៍គោលនយោបាយ បន្ធូបន្ថយ និងលើកលែងទោស ខណៈដែលជនល្មើសក្នុងករណីប្លន់ជាច្រើន ដែលត្រូវសមត្ថកិច្ចចាប់បាន ត្រូវគេរកឃើញថា គឺជាអ្នកដែលទើបត្រូវបានគេលើកលែងទោសនោះ។

គួរបញ្ជាក់ថា ការបន្ធូបន្ថយ និងលើកលែងទោសសម្រាប់ទណ្ឌិតក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើក្នុងមួយឆ្នាំ៣ដង គឺក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអុំទូក និងពិធីបុណ្យវិសាខបូជា។ ហើយទណ្ឌិត ដែលត្រូវបានគណៈកម្មាធិការលើកយកមកវាយតម្លៃ សម្រាប់ការលើកលែង ទោសនោះ គឺត្រូវតែមានលក្ខណយ៉ាងហោចណាស់ បានអនុវត្តទោសក្នុងពន្ធនាគារឲ្យបាន២ភាគ៣សិន ដោយរួមទាំងការប្រឹងប្រែងធ្វើខ្លួនឲ្យបានល្អផងដែរ៕

photo_2016-04-28_09-22-40 photo_2016-04-28_09-22-42 photo_2016-04-28_09-22-43 photo_2016-04-28_09-22-43 (2) photo_2016-04-28_09-22-48

 

មតិយោបល់