ភ្នំពេញៈ ស្ត្រីជាជនសង្ស័យវ័យ៤៣ឆ្នាំម្នាក់ ជាមុខសញ្ញាលូក និងវះហោប៉ៅខោ យ៉ាងសកម្មភាពនៅតាមទីផ្សារ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៧ ត្រង់ចំណុចតូបលក់ខោអាវជជុះ ក្នុងផ្សារទួលសង្កែ ក្រុមទី១ ផ្លូវលេខ៩០០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីសង្ស័យមានឈ្មោះ បាន ស្រីណែត ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ មាស គឹមអេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខខ០៧៥ ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ លុយដែលស្ត្រីសង្ស័យយកក្នុងហោប៉ៅខោនោះសរុបមានចំនួន៧០ដុល្លារ ។
មុនពេលកើតហេតុស្ត្រីរងគ្រោះកំពុងឈរទិញខោអាវជជុះនៅក្នុងផ្សារទួលសង្កែ ហើយជនសង្ស័យបានដើរមកជិតនៅពីក្រោយរួចហើយធ្វើសកម្មភាពលូកហោប៉ៅខោជនរងគ្រោះខាងស្តាំយកប្រាក់ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលចាប់បានជូនពេលនោះសមត្ថកិច្ចកំពុងជិះល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋបានទៅដល់ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសាកសួរចម្លើយស្ត្រីជនសង្ស័យរួចរាល់ហើយ ប្រាក់ដែលដកហូតពីស្ត្រីសង្ស័យបានប្រគល់ទៅឲ្យស្ត្រីរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកស្រ្តីសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់