ភ្នំពេញៈ អាជ្ញាធររាជធានីដឹកនាំដោយលោកប៉ា សុជាតិវង្ស អភិបាលរាជធានី អភិបាលខណ្ឌទាំង១២ និងអគ្គពន្ធដារនៅព្រឹកថ្ងៃទី១១ តុលានេះបានបើកកិច្ចប្រជុំពិភាក្សាមួយលើការប្រមូលពន្ធអចលនទ្រព្យពីសង្កាត់ទាំង២០ដែលបានកាត់ចូលមករាជធានីភ្នំពេញ ដើម្បីឈានទៅរកច្រកមួយចេញឲ្យបានល្អប្រសើរ ក្នុងការប្រមូលពន្ធអចលនទ្រព្យនេះជូនរាជរដ្ឋាភិបាល ជៀសវាងអនុវត្តទៅមិនទទួលបានជោគជ័យ និងមិនទទួលការគាំទ្រពីប្រជាពលរដ្ឋ។
លោកគង់ វិបុល ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា របានមានប្រសាសន៍លើកឡើងថា ពន្ធដារមានច្រើនប្រភេទ រួមទាំងពន្ធសត្តឃាត ពន្ធរបរពិត ពន្ធយានយន្ត និងពន្ធអចលទ្រព្យជាដើម។ តែសម្រាប់កិច្ចប្រជុំនេះ គឺធ្វើឡើងផ្តោតសំខាន់ទៅលើការប្រមូលពន្ធអចលនទ្រព្យ ពិសេសពិភាក្សាទៅលើការប្រមូលពន្ធអចលនទ្រព្យពីសង្កាត់ចំនួន២០ដែលកាត់ចូលមករាជធានីភ្នំពេញ។ ពន្ធនេះជាចំណូលយ៉ាងធំរបស់រដ្ឋ ដើម្បីយកថវិកាទាំងនោះទៅអភិវឌ្ឍប្រទេសជាតិ បើចំណូលពីពន្ធនេះបានច្រើនវាក៏បង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដា ចង់ធ្វើជាតាក់(TAX) ដែលអាចបង់ពន្ធបាននៅតាមធនាគារនិងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនេះឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទៅបង់ពន្ធ ដោយមិនខាតបង់ពេលវេលាច្រើន។
លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានលើកឡើងដែរថា សម្រាប់អាជ្ញាធរខណ្ឌចាំតែសហការជាមួយពន្ធដារទេ ដើម្បីប្រមូលពន្ធជូនរដ្ឋ ហើយលោកចង់ឲ្យខាងពន្ធដានេះ ដាក់មន្ត្រីរបស់ខ្លួនមកច្រកចេញចូលតែមួយដើម្បីប្រមូលពន្ធ។ ការធ្វើបែបនេះប្រជាពលរដ្ឋងាយស្រួលក្នុងការបង់ពន្ធ កាត់បន្ថយបានអំពើពុករលួយនិងម្យ៉ាងវិញទៀតមិនខាតបង់ពេលវេលាផងដែរ។ ចំពោះ ការចង់បង្កើតឲ្យមានការប្រមូលពន្ធអចលនទ្រព្យពីសង្កាត់ទាំង២០ដែលបានកាត់ចូលមករាជធានីនេះ លោកឃ្លាំង ហួត ក៏បានស្នើឲ្យមើលពីស្ថានភាពជីវភាពប្រជាពលរដ្ឋជាក់ស្តែងជាមុនសិន ដោយសារតែសង្កាត់ទាំង២០នោះ មិនមែនមានប្រជាពលរដ្ឋជាអ្នកមានទ្រព្យច្រើននោះទេ ហើយបើធ្វើមិនស្រួលគឺមិនបានជោគជ័យនោះទេ។
លោកប៉ា សុជាតិវង្ស ក្នុងកិច្ចចរចាប្រជុំនេះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ឯកភាព និងសហការជានិច្ចជាមួយស្ថាប័នពន្ធដារ ក្នុងប្រមូលពន្ធនេះឲ្យអស់លទ្ធភាព ។លោកបន្តថា ការប្រមូលពន្ធអចលនទ្រព្យនៅភ្នំពេញឃើញថាល្អប្រសើរហើយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះគឺការប្រមូលពន្ធពីសត្តឃាតហាក់មិនទាន់បានល្អប្រសើរនោះទេ ដោយសារតែការគ្រប់គ្រងទីតាំងសត្តឃាតនេះមិនបានល្អប្រើសើរនូវឡើយ ដោយបង្កើតជាទីសត្តឃាត់តូចៗជាច្រើនកន្លែង។ ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំនេះបានសម្រេចថា នឹងធ្វើការប្រមូលពន្ធដែលនៅសេសល់ឲ្យបានអស់មុននឹងឈានទៅដល់ការប្រមូលពន្ធផ្សេងៗទៀត៕









មតិយោបល់