កំពង់ស្ពឺៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូតែម្នាក់ឯង ត្រូវបានក្រុមចោរធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូទៅបាត់ បណ្តាលឲ្យរងរបួសធ្ងន់ចំគល់ចង្កេះខាងស្តាំ ត្រូវបានគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវលំ ក្នុងភូមិអន្លង់ធម្ម ឃុំតំាងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-3905 យកទៅបាត់ បណ្តាលឲ្យរងរបួសខាងលើនេះមាន ឈ្មោះ ប៊ិន សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរដឹកធ្យូងលក់ រស់នៅភូមិអន្លុងធម្ម ឃុំតំាងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងមកពីដើរហៅភ្ញៀវបុណ្យ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានមកស្ទាក់ផ្លូវដកកំាភ្លើងខ្លីម៉ាក K59 បាញ់ទៅលើយុវជនរងគ្រោះ២គ្រាប់ ផ្ទួនៗគ្នា បណ្តាលឲ្យ១គ្រាប់ ត្រូវចំចង្កេះស្តាំ និង១គ្រាប់ទៀត ត្រូវចំកញ្ចក់ដែលជនរងគ្រោះស្ពាយ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូចូលព្រៃនៅក្បែរចិញ្ចើមផ្លូវ។ បន្ទាប់ពីម្ចាស់ម៉ូតូដួលហើយនោះ ជនសង្ស័យលើបានប្រញាប់លើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីពេទ្យក្នុងរាជធានីភ្នំពេញផងដែរ៕
មតិយោបល់