ភ្នំពេញៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកទូលាយក្នុងការសម្តែងមតិនានានៅតាមទីសាធារណៈ។ លោកស្រីបានស្នើបែបនេះ នៅក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោក ប៉ា សុជាតិវង្ស អភិលបាលសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែតុលានេះ នៅក្នុងសាលារាជធានីភ្នំពេញ។
លោកស្រី រ៉ូណា ស្មីត ថ្លែងថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋនៅមានលក្ខណៈរឹតត្បិត និងមានការរារាំងពីសមត្ថកិច្ច។ ជាក់ស្តែង មានការផ្ទុះអំពើហិង្សាកើតឡើងរវាងសមត្ថកិច្ច និងសកម្មជនសិទ្ធិមនុស្សនៅពេលពួកគេចូលរួមដើរហែក្បួនដោយសន្តិវិធីប្រារព្វទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ កាលពីថ្ងៃទី១០ ខែតុលាម្សិលមិញ។
ឆ្លើយតបការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្រោយជំនួបនេះថា អាជ្ញាធរពុំបានរឹតត្បិត ចំពោះការសម្តែងមតិរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែអាជ្ញាធរតម្រូវឲ្យពួកគេធ្វើទៅតាមច្បាប់ ដើម្បីធានាបានការសម្តែងមតិប្រកបដោយសុខសុវត្ថិភាព និងមានដំណើរឲ្យចំគោលដៅ។
លោកបញ្ជាក់ទៀតថា អ្វីដែលបង្កឲ្យមានបាតុភាពមិនល្អ ឬការផ្ទុះអំពើហិង្សាកើតឡើង ដោយសារតែក្រុមសម្តែងមតិទាំងនោះ អនុវត្តផ្ទុយនឹងច្បាប់ ខុសពីកិច្ចសន្យាព្រមព្រៀងជាមួយនឹងអាជ្ញាធរ ដូច្នេះ គឺតម្រូវឲ្យមានការតម្រង់ទិស ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
យោងតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៦នេះ នៅរាជធានីភ្នំពេញ មានការធ្វើកូដកម្ម បាតុកម្ម និងការសម្តែងមតិនានាប្រមាណជាង១១០០ករណី៕
មតិយោបល់