ភ្នំពេញៈ មន្ត្រីយោធាម្នាក់ រងរបួសបែកក្បាលសន្លប់បាត់ស្មារតីត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីគាត់បានបើកម៉ូតូធ្លាក់ជង្ហុកដួលបោកក្បាលដោយខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ជនរងគ្រោះដែលជាប្តីរបស់គាត់មានឈ្មោះ ម៉ាលី ពិសី ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្រ្តីយោធា មានទីលំនៅក្បែរកន្លែងកើតហេតុ ផ្ទាល់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឆាលី ពណ៌ត្រួយចេក ពាក់ស្លាកលេខ គ 4554 កច1 ឆ្លងកាត់តាមផ្លូវបេតុងក្នុងភូមិ ដែលមានទឹកជន់លិច ក្នុងទិសដៅពីកើតទៅលិច គោលបំណង់ចូលផ្ទះ តែមិនទាន់ទៅដល់ផ្ទះផង ស្រាប់តែជិះមកដល់កន្លែងកើតហេតុ ក៏ធ្លាក់ជង្ហុក រអិលបោកដួលបែកក្បាលហូរឈាម សន្លប់វង្វេងបាត់ស្មារតីតែម្តង ។
បន្ទាប់ពីកើតហេតុ ដោយសារតែឃើញស្ថានភាពវង្វេងរបស់ជនរងគ្រោះមិនបាន ក្រុមគ្រួសារក៏បានហៅរថយន្តសង្រ្គោះ ដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់