ព័ត៌មានជាតិ

ស្រវឹងបើករថយន្តទៅបុកដើមឈើរួចបន្តបុករបងការដ្ឋានសំណង់បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ ក្នុងល្បឿនលឿន វ៉ាប្រជែងជាមួយនិងម៉ូតូមួយគ្រឿងផ្សេងទៀតបណ្ដាលឲ្យជ្រុលចង្កូតរថយន្តទៅបុកជាមួយនឹងដើមម្ខុប១ដើម រួចបន្តទៅបុករបងការដ្ឋានសំណង់១កន្លែងទៀតបណ្តាលឲ្យបាក់រងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តម៉ាកតាកូម៉ា ពណ៌ក្រហម ស៊េរីចាស់១គ្រឿង ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2K-3452 បើកបរតាមបណ្ដោយផ្លូវខាងលើក្នុងល្បឿនលឿនដូចហោះនិងស្ថិតក្នុងស្ថានភាពស្រវឹង ដោយបានបើកវ៉ាគ្នាជាមួយនិងម៉ូតូ១គ្រឿងទៀត ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកឡើងឃឿនថ្នល់ រួចហួសទៅបុកជាមួយដើមម្ខុប១ដើម ព្រមទាំងជ្រុលទៅបុកជាមួយរបងការដ្ឋានសំណង់ខូចខាតមួយចំនួន រួចម្ចាស់រថយន្តក៏ព្យាយាមដាក់លេខថយក្រោយបម្រុងនឹងរត់គេច ប៉ុន្តែត្រូវបានដើមម្ខុបនោះបាក់ធ្លាក់មកសង្កត់ពីលើរថយន្តធ្វើឲ្យបើកថយក្រោយមិនរួច ទើបម្ចាស់រថយន្តសម្រេចចិត្តបើកទ្វាររថយន្តរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងព្រមទាំងយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយទៅតាមនិតីវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់