ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស២នាក់ បានសម្រេចព្យាយាមបើកម៉ូតូគេចខ្លួន តែសំណាងអាក្រក់ក៏ដួលទៅលើដងផ្លូវ ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់បាន វាយម្នាក់មួយដៃ មួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជនបរទេសទាំង២នាក់បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាដើរតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ២០០ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FQ-1330 ជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលជាប់នឹងស្មាររបស់គាត់ ពេលនោះគាត់ក៏បានឆក់មកវិញបណ្តាលឲ្យជនសង្ស័យទាំង២នាក់ដួលម៉ូតូ ។ បន្ទាប់ពីដួលម៉ូតូជនសង្ស័យទាំង២នាក់បានព្យាយាមរត់ចោលម៉ូតូបំណងគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញ និងស្ទាកចាប់បានទាំង២នាក់ វាយម្នាក់មួយដៃ មួយជើងឡើង ឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅពេលប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍នាំបឹងរ៉ាំង និងផ្សារថ្មី៣ រុញគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា នៅពេលកើតមានឡើងនូវករណីអ្វីមួយសមត្ថកិច្ចមូលដ្ឋានតែងតែរុញដាក់គ្នាទៅវិញទៅមក ដោយមិនចង់ទទួលខុសត្រូវឡើយព្រោះខ្លាចប៉ុស្តិ៍របស់ខ្លួនគ្មានសមត្ថភាព ៕
មតិយោបល់