ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាខ្មែរមួយរូប ខ្ញុំមានមោទនភាពចំពោះប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសចំពោះភាពជោគជ័យ និងនាំមកនូវកិត្តិយសជាតិរបស់យើង។
លោកបានបន្ថែមថា ខ្មែរយើងបានចាកចេញពីប្រទេសដោយលំបាកដោយសារសង្គ្រាម ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋមានលទ្ធភាពកសាងជីវភាព និងអនាគតបានល្អប្រសើរ ប៉ុន្តែទោះបីខ្មែរទៅដល់ទីណាក៏នៅជាខ្មែរ យើងនៅតែមានអត្តសញ្ញាណខ្មែរ។ យើងត្រូវរួបរួមសាមគ្គី ស្រឡាញ់រាប់អានគ្នា និងជួយគ្នាក្នុងនាមជាខ្មែរតែមួយ។
លោកក៏បានលើកឡើងអំពីបញ្ហាដីធ្លី បញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ដោយលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះបញ្ហាព្រំដែននៅលើដី គឺការដោះស្រាយបញ្ហាផែនទីតាមទិដ្ឋភាពច្បាប់។ ចំណែកបញ្ហាមនុស្ស គឺជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាលបានបង្កើតស្ថាប័ន គឺបង្កើតអគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីធ្វើការលើរឿងនេះ។ លើសពីនេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់បង្កើនសេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រជាពរដ្ឋរស់នៅក្នុងជីវភាពធូរធារ។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវដោះស្រាយការពារព្រំដែនខ្មែរដើម្បីប្រជាជនខ្មែរនិងកូនចៅជំនាន់ក្រោយៗ។
ការមានប្រសាសន៍នេះធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋខ្មែរនៅគោលដៅ២ចុងក្រោយ នៅក្នុងប្រទេសណូវែលហ្សេឡង់ គឺទីក្រុងហាមមីនតុន វីលលីងតុន ប្រមាណជាង៦០០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ ទទួលស្វាគមន៍ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរលោក កុយ គួង រួមទាំងក្រុមការងារ ប្រកបដោយភាពស្និទ្ធស្នាល កក់ក្តៅ និងសប្បាយរីករាយក្រៃលែង។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបជាមួយសមាជិកសភា សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល និស្សិត ពាណិជ្ជករ និង ជួបជុំពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ រួមទាំងក្រុមការងារនេះ លោក ហ៊ុន ម៉ាណែតបានឆ្លៀតពេលដ៏មមាញឹក ចូលថ្វាយបង្គំព្រះសង្ឃ និងសួរសុខក្ខទុក្ខបងបងប្អូន ប្រជាពុទ្ធបរិស័ទខ្មែរបានចំនួន៣វត្តផងដែរ (មួយវត្តនៅអូស្ត្រាលី និង០២វត្តនៅណូវែហ្សេឡង់)។ នៅក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ាណែត បានចូលបច្ច័យកសាងនៅក្នុងទីអារាមទាំងនោះផងដែរ ក្នុងគោលបំណងលើកស្ទួយវប្បធម៌ជាតិខ្មែរ និងព្រះពុទ្ធសាសនា ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរនៅក្រៅប្រទេស៕











មតិយោបល់