កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឧដុង្គ ខណៈពេលដែលយុវជនរូបនោះបានបើកបរម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចខាងលើ បានបើកវ៉ាជែងរថយន្ត ០១ គ្រឿងដែលកំពុងបើកបរស្របទិសគ្នា ហើយបានប៉ះដៃចង្កូតជាមួយនឹងរថយន្តនោះ បណ្តាលឲ្យម៉ូតូដួលខ្ទាតចូលក្រោមកង់ក្រោយរបស់រថយន្ត បណ្ដាលឲ្យរថយន្តកិនស្លាបភ្លាមនៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦ និង ៣០ នាទីព្រឹក នៅលើផ្លូវជាតិលេខ ៥១(៥-៦) ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលចរចរណ៍ស្រុកឧដុង្គ បានឲ្យដឹងថា ភាគីម៉ូតូម៉ាក ហុងដា C១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១GV.៧៨៤៣ បើកបរដោយឈ្មោះ យ៉ុន សុខជា ភេទប្រុស អាយុ២០ឆ្នាំ (បានស្លាប់) រស់នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯភាគីខាងរថយន្តម៉ាក នីសាន់ ពណ៌ ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A.៥២៣២ សណ្តោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ ៤A.៧១៣៨ ដឹកទូកុងតឺន័រ ចំនួន០២ ទូ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានគេចខ្លួនបាត់) ។
ប្រភពដដែលបានបន្តថា ក្រោយពីហេតុការណ៍កើតឡើង សព ត្រូវបានមន្ត្រីជំនាញប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯមធ្យោបាយពាក់ព័ន្ធទាំងពីរខាងលើ កំពុងរៀបចំចាត់ចែង ដើម្បីយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ចាត់ការតាមនីតិវិធី ៕
មតិយោបល់