ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពដេញចាប់វាយសត្វឆ្កែច្រកបាវ(ទាក់ឆ្កែ) នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ក៏ប្រទះនិងសមត្ថកិច្ចកំពុងធ្វើការល្បាត ដេញចាប់ប្រផាប់ប្រភីងតែម្តង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ក្បែរស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ចោរទាក់ឆ្កែដែលសមត្ថកិច្ចក្របួចបានខាងលើនេះ មានឈ្មោះ ជិន ចាន់ណារី អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជិន ចាន់ណារី បានសារភាពប្រាប់សមត្ថកិច្ចថាពួកគេមានគ្នាពីរនាក់ ហើយខ្លួនគេផ្ទាល់គឺជាអ្នកឌុប ចំណែកឯបក្ខពួកម្នាក់ទៀតជាអ្នកទាក់ឆ្កែ ខណៈដែលកំពុងតែធ្វើសកម្មភាពទាក់ឆ្កែ ក្រោយពីទាក់រួច ក៏ប្រទះជាមួយនឹងសមត្ថកិច្ចដែលយាមល្បាតក្នុងពេលរាត្រី ដេញចាប់ប្រផាប់ប្រភីង ជាហេតុធ្វើឲ្យពួកគេភ័យជនសង្ស័យដែលជិះពីក្រោយបានលោតចេញពីលើម៉ូតូរួចរត់គេចបាត់ស្រមោល នៅសល់តែជនសង្ស័យឈ្មោះ ជិនចាន់ណារី ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ជនសង្ស័យបានបន្តថា នេះគឺជាលើកទី១ហើយដែលខ្លួនចេញមកទាក់ឆ្កែ តែត្រូវអស់ល័ក្ខភ្លាមៗក្រោមដៃសម្ថកិច្ចចាប់បាន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់