បន្ទាយមានជ័យៈ ឆ្លើយតបភ្លាមៗនូវការលំបាក នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោក អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ រួមជាមួយមន្ត្រី សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចូលបុណ្យសព កម្មករ៣នាក់ ដែលទទួលមរណភាព កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយសារបាក់ថ្មភ្នំសង្កត់ នៅភូមិភ្នំដំបងត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសដ៏ក្រៀមក្រំ សោកសង្រេងនេះ លោក អ៊ុយ សំអាត តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្ដែងនូវទុកដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ ស្វាមី ឪពុក និងកូន ជាទីស្រីឡាញ់ទាំងវ័យក្មេង។
ជាកិច្ចឆ្លើយតប ក្រុមគ្រួសារនៃសព បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តជ្រះថ្លា សន្ដោស ប្រណី ដែលបានចាត់ សហការី នាំយកនូវ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ មកចូលបុណ្យជាមួយក្រុមគ្រួសារសព និងសូមជូនមគ្គផលកុសលផលបុណ្យទាំងអស់នេះ បានដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ សូមបានជួបប្រទះ តែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា គ្រួសារសព ឈ្មោះ ហែម គឹមលេង ហៅឡំ ភេទប្រុសអាយុ៥២ឆ្នាំ ត្រូវជាឪពុក ឈ្មោះ លេង គឹមឡុង ភេទប្រុសអាយុ២៥ឆ្នាំ ទទួលបានអង្ករចំនួន១០០គីឡូក្រាម ទឹកក្រូច៥កេស ត្រីខ៥ដុំធំ មីចំនួន៥កេស និងថវិកា៣លានរៀល។ រីឯគ្រួសារសព ឈ្មោះ ថន រដ្ឋា ហៅសាន់ ភេទប្រុសអាយុ៣៥ឆ្នាំ ទទួលបានទទួលបានអង្ករចំនួន១០០គីឡូក្រាម ទឹកក្រូច៥កេស ត្រីខ៥ដុំធំ មីចំនួន៥កេស និងថវិកា២លានរៀល៕
មតិយោបល់