ភ្នំពេញៈ ខុសពីភិន សុដាលីស ដែលមានសុខភាពខ្សោយក្រោយពីវះកាត់សម្រាលកូនស្រី អ្នកនាងគឹម លីហ្សា អតីតតារាចម្រៀងឯណោះវិញ បែរមានសុខភាពរឹងមាំ និងស្រស់ថ្លាមិនខុសពីមនុស្សធម្មតានោះទេ បើទោះជានាងបានសម្រាលកូនដំបូងដូចគ្នា។ នៅលើគណនីផ្លូវការ នាងបានបង្ហោះរូបក្រោយពេលសម្រាលកូនភ្លាមៗ អមដោយស្នាមញញឹម និងសំណេរថានាងសប្បាយចិត្ត។
ក្រោយពីបាត់មុខពីពិភពសិល្បៈ គឹម លីហ្សា មិនមានព័ត៌មានណាមួយធ្វើឲ្យមានការចាប់អារម្មណ៍នោះទេ ទើបតែពេលនាងសម្រាលកូនប្រុសឈ្មោះ Nicolas កាលពីល្ងាចថ្ងៃទី២១ តុលាមុននេះប៉ុណ្ណោះ ដែលដំណឹងរបស់នាងមានការចាប់អារម្មណ៍ចំពោះនាង។ គឹម លីហ្សា ត្រូវបានគេអះអាងថាសម្រាលកូនដោយវះកាត់ ដោយកូនប្រុសដំបូងរបស់នាងមានទម្ងន់ ៣,១៧ គីឡូក្រាម និងមានមុខមាត់គួរឲ្យក្នាញ់។
នាងបានសរសេរបង្ហោះថា រំភើបចិត្តដែលបានបង្កើតកូនប្រុសជាទីស្រឡាញ់។ ក្នុងនោះស្វាមីរបស់នាងក៏ត្រូវគេឃើញនៅកំដរយ៉ាងមានសុភមង្គល ខុសពីសភាពសម្រាលកូនរបស់ភិន សុដាលីស ដែលមានឪពុក និងម្ដាយនៅកំដរ ហើយមិនមានស្វាមីនៅមើលខុសត្រូវនោះផងដែរ។ ស្ទើរតែគ្រប់សកម្មភាព មិនថាមុនពេលសម្រាល និងក្រោយការសម្រាល ស្វាមីរបស់នាងគឺជាអ្នកលើកដាក់ និងមើលថែជាប់ជានិច្ច ទើបអ្នកណាៗក៏យល់ថា នាងជានារីមានសំណាង មិនខុសពីសារ៉ាយ សក្ខណា ជាមិត្តរួមជំនាន់នោះឡើយ ខណៈដែលស្វាមីរបស់នាងគឺកំលោះអាណិកជន ហើយស្រឡាញ់ថ្នមថ្នាក់នាងធ្វើឲ្យនាងកក់ក្ដៅ ខុសពីតារាសិល្បៈមួយចំនួនដែលយកស្វាមីជាអ្នកក្នុងស្រុក ហើយមានជីវិតស្នេហាមិនសមប្រកប។ ស្វាមីរបស់គឹម លីហ្សា ត្រូវគេឃើញបង្ហោះពីសំណេរសប្បាយចិត្ត និងលើកទឹកចិត្តដល់នាងគ្រប់ពេល ជាពិសេសក្រោយពេលនាងសម្រាលកូនប្រុសម្នាក់ឲ្យលោក ទុកជាចំណងដៃ៕
មតិយោបល់