ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានចុះរុះរើសំណង់អត់ច្បាប់មួយកន្លែង ដែលប៉ះពាល់ដល់ផ្លូវសាធារណៈ

(ភ្នំពេញ)​ ៖​ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានដឹកនាំដោយលោក សន សោសោភ័ណ្ឌ នាយករងរដ្ឋបាលស្តីទីខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៣១​ ខែមីនាឆ្នាំ២០១៦ បានអនុវត្តវិធានការរដ្ឋបាលចុះរុះរើសំណង់​អត់ច្បាប់ដែលសង់លើដីសាធារណៈរបស់រដ្ឋ​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវបុរី​អង្គរ​ភ្នំពេញ ​​ក្រុមទី១៣​ ភូមិទួលគោក ​សង្កាត់​ទួលសង្កែ​​ ខណ្ឌឫស្សីកែវ ។ 
ក្នុងការអនុវត្តវិធានការនេះ អាជ្ញាធរ​បាន​ប្រើកម្លាំង​សណ្តាប់ធ្នាប់​ ​និង​សមត្ថកិច្ច​ប្រមាណ​ជាង​ ៣០​នាក់​ ឲ្យចុះអនុវត្ត​ ព្រមទាំងរុះរើអីវ៉ាន់​ និង​​របស់របរ​ទាំង​អស់​ដាក់​រថយន្ត​ដឹក​យក​ទៅទុក​នៅសាលា​សង្កាត់​ បន្ទាប់ពីអាជ្ញាធរចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារតែម្ចាស់សំណង់មិនព្រមសហការជាមួយអាជ្ញាធរឡើយ​ ។
បើតាមការបញ្ជាក់ពីអាជ្ញាធរបានប្រាប់ថា សំណ​ង់​ខាងលើ​ ​គឺមានទំហំ​ ​៥ម៉ែត្រ គុណ​និង​ ៦ម៉ែត្រ​ប្រក់​ស័ង្កសី ​ដែលម្ចាស់​ឈ្មោះ​ ស្រី​ សារ៉ាវុធ​ ព្រម​ទាំង​ក្រុម​គ្រួសា​របាន​មករស់នៅ​ ​រួចបានសង់​រោង​ចាំ​ដីឲ្យ​លោក​ឧកញ៉ា​ ​គង់ ហុង ​តាំង​ពី​ឆ្នាំ​១៩៩៩​មកម្ល៉េះ​ និង​បានពង្រីក​មុខរបរលក់​ដូរនៅក្បែរ​ចិញ្ចើម​ផ្លូវ​លើដីសា​ធារណៈ​ ។ 
អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងទៀតថា ​ក្នុងការ​ចុះរុះរើ​សំណង់​នេះ​ គឺ​ធ្វើ​ឡើង​តាម​លិខិត​ជូន​ដំណឹងរបស់​សាលាខណ្ឌ​ឫស្សីកែវ​ និង​យោង​តាម​លិខិត​លេខ​០៥៨/​១៦ លស.រ​ចុះថ្ងៃទី​១៥​ ខែ​មីនា ​ឆ្នាំ២០១៦​ របស់​សាលា​រាជធានីភ្នំ​ពេញ​ ។ 
អាជ្ញាធ​របានប្រាប់បន្ត​ទៀត​ថា ​កន្លង​មក​អាជ្ញាធរ​បាន​ធ្វើការ​សម្រប​សម្រួល​ដោយ​បានធ្វើការដោះស្រាយ​ និងឲ្យ​ប្រាក់​ចំនួន​១ពាន់​ដុល្លារ​តែម្ចាស់​មិន​ព្រមទទួលយក​ និងបាន​ចេញ​សេចក្តីជូន​ដំណឹង​ឲ្យ​ម្ចាស់សំណង់ធ្វើការ​រុះរើ​ដោយ​ខ្លួន​ឯង​ចំនួន​ ០​២​លើក​មក​ហើយ​ តែ​ម្ចាស់​សំណង់មិន​ព្រមស្តាប់​តាម​ការ​ណែ​នាំរបស់អាជ្ញាធរខណ្ឌឫស្សីកែវទេ​ ទើប​ពេលនេះ​ អាជ្ញាធរ​បានប្រើ​កម្លាំង​ចុះ​​រុះ​រើ​តែ​ម្តង​​​ ។
បើតាមម្ចាស់សំណង់ឈ្មោះ ស្រី សាវុធ បាននិយាយថា គាត់បានមករស់នៅលើដីនេះតាំងពីឆ្នាំ១៩៩៩មកម្លេះ គឺគាត់បានរស់នៅលើដីរដ្ឋមិនមែនចាំដីឱ្យគេទេ ហើយមុននឹងអាជ្ញាធរចុះមករុះរើសំណង់នេះ គេបានជូនដំណឹងតែ​ ០២ដងដែរ ហើយកាលពីថ្ងៃទី៣០​ ខែមីនាគាត់បានទៅសុំពន្យាពេលដែរតែអាជ្ញាធរមិនអនុញ្ញាតិឲ្យទេ​ លុះព្រឹកថ្ងៃទី៣១​ ខែមីនា​អាជ្ញាធរក៏បានមករុះរើតែម្តង ៕​

   
    
    
    
   

មតិយោបល់