(ភ្នំពេញ) ៖ មនុស្ស ០២នាក់ត្រូវបានរថយន្តកុងតឺន័របើកបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវត្តជោគមង្គល ហៅវត្តព្រែកព្នៅ នៅតាមបណ្តាលជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះដែលស្លាប់នោះ ទី១ ឈ្មោះ សុត សេងហ៊ាន់ ភេទ ស្រី អាយុ ១១ឆ្នាំ (ស្លាប់), ទី២ ឈ្មោះ ប៊ុន ស្រីមិុច ភេទ ស្រី អាយុ ២២ឆ្នាំ (ស្លាប់) និងទី៣ ឈ្មោះ ជា វឿន ភេទ ស្រី អាយុ ៣១ឆ្នាំ (រងរបួសស្រាល) បច្ចុប្បន្នអ្នកទាំង ០៣ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រថយន្តបង្កម៉ាក UD ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1328 បានបុកជាមួយម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-9806 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះជិះគ្នា ០៣នាក់ ជិះពីត្បូងទៅជើងស្របគ្នាជាមួយរថយន្តកុងតឺន័រ នៅពេលដែលកំពុងជិះ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបានបើកបុកពីក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូ ០៣នាក់ត្រូវបានរថយន្តកុងតឺន័រកិនខ្ទេចបែកខួរស្លាប់ ០២នាក់ និងម្នាក់ទៀតបានរងរបួសស្រាល ។ ចំណែកឯអ្នកបើកបររថយន្ត ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តខាងលើ និងម៉ូតូមករក្សាទុក្ខនៅការិយាល័យនគរបាលចរាចរជើងគោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ រឺឯសពជនរងគ្រោះទាំង ០២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានជាតិ
មតិយោបល់