ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងចម្រុះរាជធានីភ្នំពេញធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀននៅជាប់នឹងខ្លួនរបស់ជនសង្ស័យ កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចតាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហតុ កម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងចម្រុះរាជធានី បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ដែលកើតឡើងដោយប្រការណាមួយ លុះបានមកដល់ចំណុចផ្លូវ២០០២ក៏ប្រទះឃើញជនសង្ស័យទាំងបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-5368 ដោយមានការសង្ស័យ កម្លាំងបានឃាត់ដើម្បីធ្វើការឆែកឆេរ ពេលនោះស្រាប់តែប្រទះឃើញកញ្ចប់ថ្នាំញៀនមួយកញ្ចប់នៅលើខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមអ្នកទាំងបីនាក់ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ជនសង្ស័យខាងលើហើយភ្លាមៗ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរតែម្តង ។
បើតាមមន្ត្រីដែលប្រចាំការនៅប៉ុស្ដិ៍បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ សេង ពៅ ភេទប្រុស អាយុ១៨ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះ ឡុង ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា និងជនសង្ស័យទី៣ឈ្មោះ យ៉ុន សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេបានទិញថ្នាំញៀនខាងលើមកពីម្ដុំភូមិត្រពាំងឈូក ដែលជាកន្លែងជួញដូរនិងប្រើប្រាស់គ្រឿងញៀនដ៏ល្បីឈ្មោះ មួយក្នុងតម្លៃ១៥០០០រៀល ហើយបំណងយកទៅជក់ទាំងបីនាក់នៅក្នុងបន្ទប់ជួលរបស់ពួកគេតែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នអ្នកទាំងបីព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/RdDKq1uNp3A
មតិយោបល់