ព័ត៌មានជាតិ

តំណាងអយ្យការដឹកនាំកម្លាំងចុះទប់ស្កាត់ការដឹករថយន្តចេញពីឃ្លាំងរបស់ក្រុមហ៊ុន ឧត្តមសុខហេង អភិវឌ្ឍទាំងយប់

ភ្នំពេញៈ នៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ លោក ខាំ សុផារី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចដោយមានការចូលរួមពីលោក អ៊ីវ ឈុនហេង អធិការរងខណ្ឌឬស្សីកែវ និងលោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍ទួលសង្កែ បានចុះហាមឃាត់យានដ្ឋាន ១១១ របស់ក្រុមហ៊ុន ឧត្តមសុខហេង អភិវឌ្ឍ កុំឱ្យម្ចាស់ក្រុមហ៊ុននេះ ដឹកគ្រឿងចក្រ និងរថយន្តចេញពីឃ្លាំង ១១១ ក្រោយតុលាការសម្រេចចេញដីការឹបអូសជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបំណុលដែលម្ចាស់ក្រុមហ៊ុនមួយនេះជំពាក់គេ ជាង១លានដុល្លារ។

ការចុះហាមឃាត់នេះធ្វើឡើងតាមដីកាសម្រេចរឹបអូសរបស់តុលាការដោយមានដើមបណ្តឹង (ម្ចាស់បំណុល) ឈ្មោះ លីវ សុខហួង ហៅ ចែម៊ំ ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅផ្ទះលេខ ៣៧ ផ្លូវ ០៨ ភូមិបឹងឈូក (បុរីប៉េងហួត) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្តឹងកូនបំណុលចំនួន ២នាក់គឺទី១ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៥០ឆ្នាំ ជាប្តី និងទី២ឈ្មោះ គាំ ផានរ៉ានីត ភេទស្រី អាយុ ៣៤ឆ្នាំ ទីលំនៅផ្ទះលេខ ៧៨ ឌុបល្វេអឺ ផ្លូវ ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដើមចមនៃការប្តឹងទាមទារឱ្យតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិកូនបំណុលទាំង២នាក់ខាងលើនេះដោយសារតែ កូនបំណុលឈ្មោះ សុខ ហេង និងឈ្មោះ គាំ ផានរ៉ានីត ជាម្ចាស់ក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍ បានជំពាក់ប្រាក់ម្ចាស់បំណុលសរុបចំនួន ១,៣៧៣,០២៧.៨០ដុល្លារសហរដ្ឋអាមេរិក។
យោងតាមដីកាសម្រេចរឹបអូសជាណ្ដោះអាសន្ន លេខ ៦១៦ ហ.ដ.រ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ចំណុច “ឃ” លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច រឹបអូសគ្រឿងចក្រ និងរថយន្តរបស់កូនបំណុលដែលស្ថិតនៅឃ្លាំងលេខ ១១១ ផ្លូវ ៥៩៨ (វិថីជាសុផារ៉ា) សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា តុលាការបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នរបស់តុលាការបានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលជាច្រើនកន្លែងដើម្បីឱ្យកូនបំណុលឈ្មោះ សុខ ហេង និងឈ្មោះ គាំ ផានរ៉ានីត ជាម្ចាស់ក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍដាក់ប្រាក់រំដោះបំណុលដែលខ្លួនជំពាក់ម្ចាស់បំណុល ដើម្បីទទួលបានការលុបចោលដីការឹបអូសបណ្តោះអាសន្ន និងទទួលបានទ្រព្យទាំងអស់នេះត្រលប់ទៅវិញ។

យោងតាមការអះអាងរបស់មេធាវីការពារសិទ្ធិឱ្យម្ចាស់បំណុល ការអនុវត្តដីកាសម្រេចរឹបអូសគ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែដោយសារតែភាគីកូនបំណុល ឈ្មោះ សុខ ហេង និងឈ្មោះ គាំ ផានរ៉ានីត ជាម្ចាស់ក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍ ព្យាយាមដឹកគ្រឿងចក្រ និងរថយន្តចេញពី ឃ្លាំង ១១១ នេះទាំងយប់ ទើបកូនក្តីលោកស្នើស៊ំទៅតំណាងអយ្យការ ឱ្យដឹកនាំកម្លាំងចុះមកហាមឃាត់ជាបណ្តោះអាសន្នសិន ដើម្បីរងចាំការអនុវត្តដីកានាព្រឹកស្អែក៕

photo_2016-10-25_22-41-27photo_2016-10-25_22-41-30photo_2016-10-25_22-41-33photo_2016-10-25_22-41-35photo_2016-10-25_22-41-39photo_2016-10-25_22-41-44photo_2016-10-25_22-41-48

មតិយោបល់