ភ្នំពេញៈ ខុសពីអតីតកាល ដែលហ៊ានទទួលថតដោយមិនប្រកាន់រឿងឈុត ស៊ិចស៊ី និងស្នេហារោលរាល នៅក្នុងពេលនេះតារាស្រីនាង គង់ វង្សយ៉ាទី បានប្រកាសយ៉ាងក្ដែងៗថាឲ្យតែខាងផលិតករឲ្យលេងស៊ិចស៊ី ឬលាយស្នេហាឱបថើបស៊ីជម្រៅ គឺធានាមិនសម្ដែងតែម្ដង។ នេះជាជំហរដាច់ឆ្ងាយ បើធៀបនឹងពេលនាងមិនទាន់ឡើងកូដ ដែលក្នុងពេលនោះ គេចាំបានថាក្រៅពីបន្ទាប់ទាំងតម្លៃ ក៏បន់ឲ្យតែមានឈុតបង្អួតសាច់ខ្ចី ដើម្បីឲ្យទទួលបានការចាប់អារម្មណ៍ក្នុងពេលចេញថត។
គង់ វង្សយ៉ាទី និយាយថាកាលពីមុនខ្លួនពិតជាចូលចិត្តស៊ិចស៊ី ហើយមិនខ្វល់ថាផលិតករតម្រូវឲ្យសម្ដែងយ៉ាងមិចនោះទេ សំខាន់ឲ្យតែជ្រើសយកនាងធ្វើជាតួអង្គមួយ គឺនាងសម្ដែងដោយគ្មានរើសឈុតនោះទេ ដើម្បីបានល្បី។ ប៉ុន្តែសម្រាប់ពេលនេះនាងថាតម្លៃគុណនឹង២ ឬគុណប៉ុន្មានក៏ដោយក៏នឹងប្រកាសមិនថតនោះដែរ ឲ្យតែឈុតស៊ិចស៊ី ឬឈុតឱបថើបឲ្យតួអង្គបញ្ចេញភាពស្រើបស្រាលនៅលើរាងកាយរបស់នាង។
ផ្ទុយពីតារាសិល្បៈដែលបន្តយល់ធ្វើជាតួអង្គម្នាក់ត្រូវតែហ៊ានបញ្ចេញសាច់ខ្នង និងដើមទ្រូងជាដើម ឬឲ្យតួប្រុសឱបរឹតជាថ្នូរនឹងតម្លៃខ្លួនខ្ពស់ គង់ វង្សយ៉ាទី បែរជាប្រកាសយ៉ាងចិត្តសឿងថា សុខចិត្តអត់លេង និងលែងចង់ល្បីបើតម្រូវឲ្យថតឈុតទាំងនោះដូចមុន។ នាងបដិសេធថាការប្រែប្រួល មិនមែនដោយសារតែដើម្បីផ្គាប់ចិត្តបុរសម្នាក់ជាគូសង្សារនោះទេ ប៉ុន្តែកត្តាឡើងកូដជាងមុន និងវ័យដែលកាន់តែជ្រេ គឺជាអ្វីដែលនាងយល់ថាគួរតែសម្ដែងត្រឹមតែជាតួឡូយឆាយ និងស៊ីវិល័យ តែមិនមែនស៊ិចស៊ី និងបន្តថតឈុតស្នេហារោលរាលដូចមុន។
គង់ វង្សយ៉ាទី បានសារភាពថា ចិត្តសឿងរបស់នាងបានធ្វើឲ្យបាត់រឿងច្រៀង ដោយសារតែរឿងភាពយន្ត និងឈុតខារ៉ាអូខេ សុទ្ធតែកាត់មិនដាច់ពីឈុតដែលនាងឈប់ចង់សម្ដែង។ ប៉ុន្តែនាងថាអត់ខ្វល់នោះទេ ដោយសារតែអាជីពពិធីការិនីនាពេលចុងក្រោយរីកចម្រើន ជាងមុន៕
https://youtu.be/rnt6J6eaQXA
មតិយោបល់