ភ្នំពេញ : យុវជនម្នាក់ត្រូវបានសង្ស័យបែកថ្នាំចាក់សម្លាប់នៅក្នុងបន្ទប់ជួល ដោយសារតែសុំផ្លែស្វាយ កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ D៤ ផ្លូវលេខ៦២R ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ែម ទឹម អាយុ២៣ឆ្នាំ បានយកកូនកាំប៉ិតចាក់ទៅលើជនរងគ្រោះ ឈ្មោះ ហួនណាក់ អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងរបួងធ្ងន់ និងបានស្លាប់ ក្រោយពេលបញ្ជូនដល់ មន្ទីរពេទ្យ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយបងប្អូនជីដូនមួយចំនួន ០៣នាក់ទៀត កំពុងតែហូបស្វាយខ្ចី នៅមុខបន្ទប់ជួលរបស់ខ្លួន ពេលនោះ ស្រាប់តែជនសង្ស័យបានមកសុំស្វាយជនរងគ្រោះហូបដែរ ក្រោយមកឈ្មោះ ស្រស់ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះ ក៏បានឲ្យផ្លែស្វាយ ១ផ្លែទៅជនសង្ស័យ នៅពេលនោះជនសង្ស័យក៏បានដើរចេញ។ ក្រោយមក ជនសង្ស័យក៏បានដើរត្រឡប់មកវិញ ដោយក្នុងដៃមានកាន់កូនកាំប៉ិតមួយ ហើយបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះចំ ក ខាងស្ដាំ ១កាំប៉ិត រួចហើយក៏រត់គេចខ្លួន ភ្លាមៗនោះ ជនរងគ្រោះក៏បានរត់ដេញតាមពីក្រោយប្រហែលជា ៣០ម៉ែត្រក៏ដួលដោយសារតែមុខរបួសរបស់ជនរងគ្រោះមានស្ថានភាព ធ្ងន់ធ្ងរពេក ទើបបងប្អូនជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់ទៅហើយ។
ក្រោយពីបានទទួលដំណឹងនេះភ្លាម លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទួសង្កែ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានហ៊ុំព័ន្ធ នឹងគ្រប់គ្រងនៅកន្លែងកើតហេតុ។
ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរសាក្សី រហូតដល់ម៉ោង ១និង១០នាទី រំលងអាធ្រាត ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដោយសមត្ថកិច្ចបានបើកប្រតិបត្តិការរយៈពេល ៤ម៉ោង ទើបកម្លាំងសមត្ថកិច្ចខណ្ឌប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះ នៅត្រង់ចំណុចបន្ទប់ជួលលេខ៧ ស្ថិតនៅក្នុងផ្សារសុភមង្គល ក្រុមទី១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់