ព័ត៌មានជាតិ

កម្មវិធីហ្វឹកហ្វឺនកម្ពុជា-ឡាវ លើជំនាញគ្រប់គ្រងសកម្មភាពកម្ចាត់មីនវគ្គ៣ បញ្ចប់ទៅដោយផ្លែផ្កា

ភ្នំពេញ: ក្នុងន័យផ្លាស់ប្តូរបទពិសោធន៍ និងការកសាងសមត្ថភាពរបស់មន្ត្រីធ្វើការងារ​លើសកម្មភាពកម្ចាត់មីន ឡាវ-កម្ពុជា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ក្រោមការគាំទ្រផ្នែកថវិកាពីរដ្ឋាភិបាលជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កម្មវិធីហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជាឡាវលើជំនាញគ្រប់គ្រងសកម្មភាពកម្ចាត់មីន បានចាប់ផ្តើមធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ២០១២ ហើយបានប្រព្រឹត្តទៅជាបន្តបន្ទាប់រហូតដល់ពេលនេះ និងបន្តទៅមុខទៀត។

ថ្លែងក្នុងពិធីបិទកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺន ឡាវ-កម្ពុជា លើជំនាញគ្រប់គ្រងសកម្មភាពកម្ចាត់មីនដំណាក់កាលទី២ វគ្គទី៣ ដែលបានបញ្ចប់ទៅដោយ ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ កាលពីរសៀលថ្ងៃទី២៨ ខែតុលា នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺននេះ មានការចូលរួមពីមន្ត្រី ដែលធ្វើការមីនប្រទេសទាំងពីរកម្ពុជា-ឡាវ ចំនួន៨០នាក់ ដោយត្រូវធ្វើការបែងចែក ឲ្យចូលរួមសម្រាប់វគ្គនីមួយៗនៅលើមុខជំនាញខុសៗគ្នា ហើយចំពោះវគ្គកិច្ច សហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺនឡាវ-កម្ពុជា លើជំនាញគ្រប់គ្រងសកម្មភាពកម្ចាត់មីនដំណាក់កាលទី២ វគ្គទី៣នេះ គឺជាវគ្គគ្រប់គ្រងព័ត៌មានវិទ្យា ដែលមានមន្ត្រីរួមគ្នា ចំនួន១០រូបទទួលបានការហ្វឹកហ្វឺនក្នុងវគ្គនេះ។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្ដីពីសមិទ្ធផលនៃការបោសសម្អាតមីននៅកម្ពុជាក្នុងរយ:ពេលជាង២០ឆ្នាំកន្លងមកនេះវិញ លោក ហេង រតនា បានបញ្ជាក់ថា( យើងបានធ្វើឲ្យអត្រានៃការគ្រោះថ្នាក់ដោយសារមីនមានការធ្លាក់ចុះច្រើនពីមួយឆ្នាំទៅមួយឆ្នាំ គួរកត់សម្គាល់ពី៤០០០នាក់មកនៅត្រឹម១០០នាក់ក្នុង១ឆ្នាំ)។

ប្រតិភូរាជរដ្ឋាភិបាលរូបនេះបានបន្តទៀតថា សង្គ្រាម និងកាកសំណល់ មិនទាន់ផ្ទុះរួមនឹងគ្រាប់មីនជាដើម ដែលបន្សល់ទុកពីសង្គ្រាមច្រើនទសវត្សរ៍នៅកម្ពុជា វានឹងផ្តល់នូវផលលំបាកឲ្យដល់ប្រជាជនកម្ពុជាយូរអង្វែងទៅមុខទៀត។ យ៉ាងណាលោកបញ្ជាក់ទៀតថា កម្ពុជាបានធ្វើសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះបានទទួលលទ្ធផលគួរឲ្យមោទនភាពធ្វើឲ្យដីចម្ការមីនក្លាយជាតំបន់បង្កបង្កើនផល ដីកសិកម្ម កសិ-ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងជាភូមិឋានដែលប្រជាពលរដ្ឋរស់នៅដោយសុខសាន្តមិនមានការព្រួយបារម្ភពីអាយុជីវិតមនុស្ស សត្វទៀតនោះទេ៕

បិទវគ្គកម្ចាត់មីន

បិទវគ្គកម្ចាត់មីន

បិទវគ្គកម្ចាត់មីន

បិទវគ្គកម្ចាត់មីន

បិទវគ្គកម្ចាត់មីន

មតិយោបល់