បន្ទាយមានជ័យ : នាយរងផ្នែកបុគ្គលិកម្នាក់ នៃនគរបាលវរការពារព្រំដែនគោកលេខ៨០៧ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានកាប់នាយផ្នែកភស្តុភារក្នុងអង្គភាព ជាមួយគ្នាឲ្យស្លាប់ កាលពីយប់ថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៦ ពេលបញ្ជូនដល់មន្ទីរពេទ្យក្នុងប្រទេសថៃ។
ប្រភពពីកន្លែងកើតហេតុ បាននិយាយថា ទំនាស់ដែលឈានដល់មានការកាប់ចាក់គឺបណ្តាលមកពីឈ្មោះ ប៉ូ ណារិទ្ធ នាយរងផ្នែកបុគ្គលិកបានយកកាំបិតតាំងតោ ទៅកាប់ខ្សែភ្លើងបន្ទប់របស់ជនរងគ្រោះឈ្មោះ ម៉ង់ សួគ៌ នាយផ្នែកភស្តុភារបណ្តាលឲ្យងងឹត។ បន្ទាប់មកជនរងគ្រោះក៏បានស្ទុះទៅវាយលើឈ្មោះ ប៉ូ ណារិទ្ធ តែដោយជនដៃដល់មានកាំបិតក្នុងដៃក៏បានកាប់ជនរងគ្រោះបណ្តាលឲ្យមុតដាច់បាតដៃស្តាំយ៉ាងជ្រៅ។ខណះនោះក៏មានមន្ត្រីដូចគ្នាចូលឃាត់យកជនរងគ្រោះទៅដេរដៃរួចបញ្ជូនជនរងគ្រោះទៅព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសថៃ តាមច្រកបឹងត្រកួន តែពេលបញ្ជូនដល់ពេទ្យជនរងគ្រោះក៏ស្លាប់តែម្តង។
ប្រភពបានបញ្ជក់ថា ជនរងគ្រោះដែលស្លាប់ជាប្អូនបង្កើតរបស់លោក ប្រាក់ សាំ ជាមេបញ្ជាការនគរបាល ការពារព្រំដែន៨០៧ ហើយជម្លោះដែលឈានដល់កាប់សម្លាប់គឺបណ្តាលពីការច្រណែនឈ្នានីសផ្តើមពីគ្រួសារនិយមរបស់លោកមេបញ្ជាការ។
ក្រោយពេលកើតហេតុជនដៃដល់ដែលជាសមត្ថកិច្ចក្នុងអង្គភាពជាមួយជនរងគ្រោះត្រូវបានឃាត់ខ្លួនទាំងមិនបានរត់គេចទៅណាហើយបញ្ជូនមកស្នងការខេត្តដើម្បីចាត់ការបន្ត៕
មតិយោបល់