ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង១០នាក់ នៅស្រុករលាប្អៀរ ក្រោយហូបបញ្ចុក ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

កំពង់ឆ្នាំង : ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចំនួន១៥ ក្រោយពីបាននាំគ្នាហូបនំបញ្ចុក ក៏មានអាការៈក្អួតចង្អោរ វិលមុខ ត្រូវបានអ្នកស្រុកដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីម៉ោង៦ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រែកសាលា ឃុំទឹកហួត ស្រុករលាប្អៀរ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសានេះថា ប្រជាពលរដ្ឋដែលដឹក មកសង្រ្គោះដល់ពេទ្យមានចំនួន១៥នាក់ ចំពោះមូលហេតុគឺពុំសន្និដ្ឋានបាននៅឡើយទេ ថាតើបណ្តាលមកពីនំបញ្ចុក
ឬក៏បណ្តាលមកពីបន្លែ។ ចំពោះអាការៈរបស់អ្នកជំងឺដែលមកសង្រ្គោះនៅមន្ទីរពេទ្យគឺមានអាការៈធូស្បើយខ្លះហើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅផ្ទះស្ត្រីឈ្មោះផាក់ សុជា បានទិញនំបញ្ចុក ចំនួន៥គីឡូ ពីផ្សារកំពង់ប្រាសាទ មកចែកគ្នាហូប។ លុះដល់ម៉ោងប្រមាណជាង៤រសៀល ក្រោយពីទឹក សម្ល នំ ឆ្អិន ក៏បាននាំគ្នាហូបជុំគ្នា និង
បានចែកទៅអ្នកជិតខាងហូបផងដែរ រហូតមកដល់ម៉ោងប្រមាណជាង៦ល្ងាច ស្រាប់តែមានប្រជាពលរដ្ឋដែលបានហូបនំបញ្ចុកនេះ ចាប់ផ្តើមមានអាការៈក្អួតចង្អោរ និង ខ្លះទៀតមានអាការៈឈឺក្បាលវិលមុខ ថប់ដង្ហើម ដោយឃើញស្ថានភាព ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ក៏នាំគ្នាដឹកអ្នកជំងឺទាំងនោះមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

Eat_Noodle_30_04_16 (1) Eat_Noodle_30_04_16 (2)

មតិយោបល់