ភ្នំពេញៈ កម្លាំងមួកខៀវកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញដោយសុវត្ថិភាព និងជោគជ័យការងារ ថ្ងៃទី៣០ មេសា ឆ្នាំ២០១៦។
កងទ័ពមួកខៀវ ដែលបានមកដល់មាតុប្រទេសវិញនាព្រឹកមិញនេះ រួមមាន៖ កងកម្លាំងកម្ទេចគ្រឿងផ្ទុះ នៃកងពលលេខ៣១២ ចំនួន១៤៤នាក់ បុរស១៣៦នាក់ និងកងវិស្វកម្មថែទាំព្រលានយន្តហោះ នៃកងពលលេខ៩១៨ ចំនួន១៦៥នាក់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញ បេសកកម្មការងាររបស់កងកម្លាំងមួកខៀវរបស់កម្ពុជា ប្រកបដោយជោគជ័យ ជាពិសេសអាចរក្សាបានអាយុជីវិត វិលត្រឡប់មករកក្រុមគ្រួសារវិញគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាព ដែលវិលត្រឡប់មកដល់មាតុប្រទេសនាព្រឹកនេះ ត្រូវបានជំនួសដោយកងពលលេខ៣៣៣ និង៨១៩ ចំនួន៣០៩នាក់ ដែលពួកគេបានចេញទៅកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ៕
មតិយោបល់