កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលធ្វើការចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិតាគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះ ឃឹម ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ច.ជ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ខណៈដែលជនរងគ្រោះ កំពុងរៀបចំកន្លែងដេក នៅលើផ្ទះរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យបានឡើងទៅលើផ្ទះរបស់ខ្លួន ពេលនោះ ម្តាយរបស់ជនរងគ្រោះ បានឡើងពីក្រោមផ្ទះមកលើផ្ទះដែរ ជនរងគ្រោះក៏បានប្រាប់ម្តាយខ្លួនថា ម៉ែអាម៉ៅ ឡើងលើផ្ទះយើង បន្ទាប់មកជនរងគ្រោះ បានស្ទុះទៅបិទទ្វារដាក់គន្លឹះហើយម្តាយជនរងគ្រោះបានស្រែកឆោឡោថា ជួយផងៗអ្នកស្រុកអើយអាម៉ៅឡើងផ្ទះខ្ញុំទៀតហើយ ពេលនោះជនសង្ស័យបានលត់ជង្គង់
សំពះអង្វរថា កុំស្រែកប្រាប់គេ ត្រូវបានម្តាយស្ត្រីរងគ្រោះចាប់ទាញកអាវជនសង្ស័យ តែត្រូវជនសង្ស័យរើបម្រាស់ រួចហើយស្ទុះទៅដកគន្លឹះទ្វារផ្ទះ រត់ចុះមកដីគេចខ្លួនបាត់ទៅតែម្តង។ លុះនៅថ្ងែទី ១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះបានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលជ័យធំ ទើបសមត្ថកិច្ចចុះធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់