ព័ត៌មានជាតិ

រថយន្តហាយ​ឡែន​ឌ័រស្លាកលេខ​ ខេមភូមិន្ទ​01 2-5801 បុកម៉ូតូ​របួសភ្លៅម្នាក់ ព្យាយាមបើករត់ ត្រូវសមត្ថកិច្ចចាប់ជាប់ ​

ភ្នំពេញៈ​ រថយន្ត​ហាយ​ឡែន​ឌ័រ​ ពាក់ស្លាកលេខ​ ខេមភូមិន្ទ​មួយ​គ្រឿង​ បើកលឿនមិនប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​ ត្រង់ចំណុច​ខាងត្បូង​ផ្សារ​ក្រមួន​ប្រមាណ​១០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១០០៧​ កែង​និង​ផ្លូវ​១៩៨២​ ស្ថិតក្នុងសង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​គេច​ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​មកវិញ​នៅ​ត្រង់​ចំណុច​ខាងកើត​ស្តុប​ផ្សារ​ដី​ហុយ ​ប្រមាណ​២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១៩៨៦​ ក្នុងសង្កាត់​ភ្នំពេញថ្មី​។
ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលាម៉ោង​១១និង​១០នាទី​យប់​ ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០១៩។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ បុរស​៣នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ឌ្រីម​ ស៊េរី​០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ1FG-4671​ ដោយធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​១០០៧​ ក្នុងទិស​ដៅ​ពីជើងទៅត្បូង។ លុះមកដល់​ចំណុច​កើតហេតុ​ម៉ូតូ​ខាងលើ​ក៏​បត់ស្តាំ​ឆ្ពោះទៅផ្លូវ​១៩៨២​ ខណៈ​នោះស្រប់ពេលដែលមាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ ហាយឡែនឌ័រ​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ខេមភូមិន្ទ​01 2-5801។ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាពស្រវឹង​ តាមបណ្ដោយ​ផ្លូវ​១៩៨២​ ទិសដៅ​ពី​កើត​ទៅ​លិច​ និងក្នុងល្បឿនយ៉ាង​លឿន​ ហើយខ្វះ​ការប្រុង​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​ខាងលើ​ ចំពាក់កណ្តាល​ពេញ​ទំហឹង​បណ្ដាលឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​បាក់ភ្លៅខាង​ឆ្វេង​ និងអ្នករួមដំណើរ​២នាក់​ទៀត​រងរបួស​ស្រាល។

រីឯម៉ូតូ​រងការខូចខាត​បែក​កាបាំង​ខាងឆ្វេង​។ ដោយឡែក​រថយន្ត​បង្ក​រងការខូចខាត​កំពិតកាង​ផ្នែកខាងមុខ​ចំហៀង​ស្តាំ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ​ បែរជា​ព្យាយាម​បន្ថែម​ល្បឿន​បើករត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ទៅ​វិញ។ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានជិះម៉ូតូ​ដេញ​តាមពី​ក្រោយ​រហូត​​ ហើយក៏​បានទៅ​ជួប​និង​សមត្ថកិច្ច​មូល​ដ្ឋាន​ដែល​កំពុង​ជិះ​ល្បាត​ រួចក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​ឃាត់​ជាប់នៅចំណុច​ក្បែរ​ស្តុប​ផ្សារ​ដី​ហុយ​។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​មហា​នគរ​ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ។​ ដោយ​ឡែក​រថយន្តបង្ក​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់​វែង​ និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​៕​

មតិយោបល់