ភ្នំពេញៈ រថយន្ដពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោ បើកកៀរថយន្ដដែលម្ចាស់ចតទុកចោលនៅក្បែរផ្លូវ ហើយស្រាប់តែក្រុមសន្ដិខណ្ឌដង្កោថែមទាំងប្រើពអំពើហិង្សាទៅលើម្ចាស់រថយន្តថែមទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុងជាប់របងសាលាកសិកម្មចំការដូង ក្នុងភូមិក្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានទុករថយន្ដរបស់គាត់ម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-1093 នៅក្បែរចិញ្ចើមផ្លូវ ហើយគាត់បានដើរចូលក្នុងការរដ្ឋាន ដើម្បីចូលមើលកូនចៅចាក់ដី ស្រាប់តែភ្លាមៗនោះគាត់ បានឮសូរសំឡេងផូង គាត់បានរត់ចេញមកមើល ក៏ឃើញរថយន្ដរបស់គាត់របស់បែកស្តុប នឹងខូចគូទរថយន្ដខាងឆ្វេងស្ទើរទាំងស្រុង។ គាត់បានបន្ដថា ខណៈនោះគាត់បានឃាត់រថយន្ដបង្កដែលជារថយន្ដពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោឲ្យឈប់ដើម្បីនិយាយគ្នា ស្រាប់តែក្រុមសន្ដិសុខសាលាខណ្ឌចុះមកប្រើពាក្យមិនសមរម្យហើយថែមទាំងប្រើអំពើហិង្សា មកលើគាត់ថែមទៀត។
បើតាមការបញ្ជាក់ពីក្រុមសន្ដិសុខសាលាខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ពួកគាត់បានបើករថយន្ដមកយកទឹក ដើម្បីយកទៅលាងផ្លូវ នឹងស្ពានព្រែកជ្រៃ បន្ទាប់ពីកើតហេតុម្ចាស់រថយន្ដដែលរងគ្រោះនោះបានយកដុំថ្មយកមកបំរ៉ុងនឹងគប់ពួកគាត់ ហើយពួកគាត់បានប្រាប់ថា ឲ្យទៅខណ្ឌ ដើម្បីដោះស្រាយគ្នា តែម្ចាស់រថយន្ដមិនព្រម ភ្លាមនោះក៏មានការប្រតាយប្រតប់គ្នាតែម្ដង។
ក្រោយពេលកើតហេតុ ដោយមានការជួយសម្រួលពីមន្ដ្រីចរាចរណ៍ ខាងជនរងគ្រោះយល់ព្រមទទួលយកនូវសំណងចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនូវនឹងកន្លែងកើតហេតុ៕
https://youtu.be/4VEmAZ9Epsc
មតិយោបល់