វិនិយោគិនខ្មែរ និងវិនិយោគិនអូស្រ្តាលី គ្រោងនឹងបោះទុន ២៥លានដុល្លារអាមេរិកលើ គម្រោងផ្ទះតម្លៃទាប-មធ្យម ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារអាមេរិក សម្រាប់ ១ពាន់ផ្ទះដំបូង ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋខ្មែរមានចំណូលទាប-មធ្យម អាចមានលទ្ធភាពទិញបាន។ នេះបើយោងតាមលោក Michael S. Nhim ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Cate Group បានឲ្យ Post Business បានដឹង កាលពីម្សិលមិញនេះ។
លោកបានបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលទាប-មធ្យម ជាពិសេសគូស្រករដែលបម្រុងនឹងរៀបការ ឬទើបនឹងរៀបការថ្មីៗនេះ។
គម្រោងផ្ទះតម្លៃទាប-មធ្យម ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា មិនមែនគិតលើប្រាក់ចំនេញនោះទេ ហើយក៏មានទស្សនវិស័យរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកទីក្រុង ទៅជាទីក្រុងលំនៅដ្ឋានពិតប្រាកដ ពោលគឺផ្លាស់ប្តូរវាលស្រែ ទៅជាលំនៅដ្ឋាន។
បើទោះបីជាផ្ទះមានតម្លៃទាប គុណភាពសំណង់មិនអន់នោះទេ ដោយសារក្រុមហ៊ុន មានស្ថាបត្យករ និងវិស្វករក្រុងស្រុក ដែលមានសមត្ថភាព និងបទពិសោធន៍ច្រើនមកពីប្រទេសអូស្រ្តាលី បារាំង និងអឺរ៉ុប ក្នុងការសាងសង់ផ្ទះ ពីលំដាប់ទាប ទៅលំដាប់ខ្ពស់ផងដែរ។
គួរបញ្ជាក់ថា គម្រោង ១ពាន់ផ្ទះដំបូងនេះ អាចនឹងបញ្ចប់ទាំងការសាងសង់និងលក់ ក្នុងរយៈពេលប្រមាណជា ២ ទៅ ៣ឆ្នាំ៕
រូបតំណាង
រូបភាព៖ លោក Michael S. Nhim (ខាងស្តាំ)
មតិយោបល់