ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ស្នើឲ្យបណ្ឌិត្យសភា តម្រួតប្រជាជនវៀតណាម ស្រាវជ្រាវមេរៀន និងបទពិសោធន៍ថ្មី

ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើឲ្យបណ្ឌិត្យសភា តម្រួតប្រជាជនវៀតណាម បន្តបណ្តុះបណ្តាលនគរបាលកម្ពុជា ពិសេសស្រាវជ្រាវមេរៀន និងបទពិសោធន៍ថ្មីៗ ឲ្យទាន់សភាពការណ៍បច្ចុប្បន្ន ដើម្បីបណ្តុះបណ្តាល ដល់សិក្ខាកាម នគរបាលកម្ពុជា។

ការថ្លែងដូច្នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលរវាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយ ឧត្តមសេនីយ៍ទោ ង្វៀង ស៊ុនអៀម ប្រធានបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ការបណ្តុះបណ្តាលមានសារៈសំខាន់ណាស់ សម្រាប់ នគរបាលកម្ពុជា ទាំងនៅក្នុងស្រុក និងក្រៅស្រុក ហើយការបណ្តុះ បណ្តាលនៅក្រៅស្រុកគឺដើម្បីពង្រឹងសមត្ថិភាព និងដកបទពិសោធន៍ថ្មីៗ។ បច្ចុប្បន្ននគរបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់សង្គម តែក៏ត្រូវផ្សារភ្ជាប់នឹងការបណ្តុះបណ្តាល ពិសេសការបណ្តុះបណ្តាលដែលទទួលបានពីកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម។ ក្នុងនោះដែរ លោកក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលកន្លងមកបានជួយ បណ្តុះបណ្តាលដល់នគរបាលកម្ពុជា។

នាយឧត្តមសេនីយ៍ នេត សាវឿន បានស្នើឲ្យបណ្ឌិត្យសភា តម្រួតប្រជាជនវៀតណាម សហការជាមួយនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងបទបញ្ជាផ្ទៃក្នុង និងវិន័យឲ្យបានល្អ។ ក្នុងករណីសិក្ខាកាមនគរបាលកម្ពុជា បានល្មើស បទបញ្ជា និងវិន័យ សូមជួយផ្តល់ព័ត៌មានឲ្យនាយក ដ្ឋានបុគ្គលិក ដើម្បី មានវិធានការ។

នៅក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍ទោ ង្វៀង ស៊ុនអៀម ប្រធាន បណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម ក៏បានថ្លែងអំណរគុណដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែសហការគ្នាល្អ និងក៏សូមអញ្ជើញគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅទស្សនៈកិច្ចបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាមផងដែរ៕

អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលជាតិ

មតិយោបល់