ព័ត៌មានជាតិ

រយៈពេល២ឆ្នាំ សមត្ថកិច្ចខេត្តកណ្តាលប្រមូលបានគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាង១ពាន់គ្រាប់

កណ្តាលៈ ស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ក្នុងអំឡុងឆ្នាំ២០១៥-២០១៦ គឺមានរយៈពេល២ឆ្នាំ សមត្ថកិច្ចនគរបាលទូទាំងខេត្ត សហការប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្រ្គាមបានចំនួន១២១៥គ្រាប់ ប្រគល់ទៅឲ្យអង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) យកទៅរក្សាទុកនិងកម្ទេចចោល ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសម័យសង្រ្គាម។

របាយការណ៍ខាងលើនេះ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានបង្ហាញនៅក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដរយៈពេល៣ឆ្នាំ(២០១៧-២០១៩) របស់គណៈបញ្ជាការដឹកនាំអនុវត្ដផែនការយុទ្ធសាស្រ្ដកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសម័យសង្រ្គាម កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដ ដោយមានការចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនិងជាតិពុល អធិការ-អធិការរងទាំង១១ក្រុង/ស្រុក នាយ-នាយរងផ្នែកជំនាញខេត្ដ-ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបានទាំង១២៧ប៉ុស្ដិ៍ផងដែរ។

ឆ្លៀតក្នុងពិធីផ្សព្វផ្សាយនេះដែរ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់នគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះ ពីសម័យសង្រ្គាម។ លោកស្នងការបានថ្លែងទៀតថា នគរបាលយើងគឺជា ផ្នែកមួយនៃអាជ្ញាធរមូលដ្ឋានដែលប្រជាពលរដ្ឋសម្លឹងរកនៅពេលពួកគាត់បានជួបប្រទះសំណល់ជាតិផ្ទុះ ។ ក្រៅពីតួនាទីស្នួលក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ដន៍ផែនការយុទ្ធសាស្រ្ដនេះផងដែរ។

លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា ភូមិសាស្រ្ដខេត្ដកណ្ដាល មួយផ្នែកធំគឺជាអតីតសមរភូមិប្រយុទ្ធ ដែលជាហេតុនាំឲ្យមានសំណល់ជាតិផ្ទុះនៅក្រោមដី ស្ទឹង បឹងបួរ និងទន្លេ ហើយវាបានក្លាយទៅជាការគំរាមកំហែងនិងរំខានដល់សេដ្ឋកិច្ចអភិវឌ្ឍប្រទេសជាតិតាមរយៈសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ សំណង់អាគារ ស្ពាន ថ្នល់ និងកសិកម្ម…។ល។

ផលប៉ះពាល់ទាំងនេះទាមទារឲ្យនគរបាលឆ្លើយតបដោយប្រសិទ្ធិភាព រាល់សំណើររបស់ប្រជាពលរដ្ឋនៅពេលពួកគាត់រាយការណ៍អំពីមីន និងសំណល់ជាតិផ្ទុះពីសម័យសង្រ្គាម។ មួយផ្នែកទៀតនគរបាលត្រូវខិតខំជម្រុញសកម្មភាពផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ពីហានិភ័យដែលអាចកើតមានឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសម័យសង្រ្គាម ព្រមទាំងផ្សព្វផ្សាយពីវិធីសាស្រ្ដនានាដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕

នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល នគរបាលខេត្ដកណ្ដាល

https://youtu.be/F81Nh7Qw4D0

មតិយោបល់