រតនគិរីៈ សង្វៀនជល់មាន់នៅខេត្តរតនគិរី បើដៃឲ្យជនជាតិខ្មែរចូលលេងពេញៗជារៀងរាល់ថ្ងៃ ដោយអាជ្ញាធរមូលដ្ឋានពុំមានវិធានការទាល់តែសោះ ហើយប្រជាពលរដ្ឋបានលើកឡើងថា បើតាមគាត់ដឹងដែរនោះ គេអនុញ្ញាតឲ្យបើកកន្លែងជល់មាន់នៅតាមព្រំដែនសម្រាប់តែភ្ញៀវបរទេសតែប៉ុណ្ណោះ។
ដោយឡែក សង្វៀនជល់មាន់នៅខេត្តរតនគិរីមានសុទ្ធតែជនជាតិខ្មែរទាំងអស់ ពួកគាត់បានលើកឡើងថា កន្លងមកពួកគាត់បានឃើញមានកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវចុះទៅបង្ក្រាបម្តងដែរ ហើយស្ងាត់បានពីរបីថ្ងៃ បន្ទាប់មកសកម្មភាពនោះក៏បានចាប់ផ្តើមលេងឡើងវិញយ៉ាងរលូនរហូតដល់សព្វថ្ងៃនេះពុំមានសមត្ថកិច្ចណាចុះបង្ក្រាប។
ប្រភពពីអ្នកលេងជល់មាន់នៅតាមភូមិបាននិយាយថា កន្លងមកពួកគាត់បានលេងជល់មាន់នៅក្នុងភូមិ ឬចម្ការតិចតួចសោះក៏ត្រូវសមត្ថកិច្ចដេញចាប់ ហើយនិយាយមិនឲ្យមានការលេងល្បែងជាដាច់ខាត ដូចជាល្បែងជល់មាន់ជាដើម ប៉ុន្តែពួកគាត់សំណូមពរថា អាជ្ញាធរនិងសមត្ថកិច្ចគួរតែចុះត្រួតពិនិត្យ ឬរឹតបន្តឹងចំពោះកន្លែងបើកបញ្ជល់មាន់ធំៗនៅជាប់ព្រំដែនវៀតណាមវិញ ដែលពុំមានភ្ញៀវបរទេសនោះទេ មានតែជនជាតិខ្មែរទាំងអស់។
នៅក្នុងនោះដែរលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បាននិយាយដោះសារថា ច្បាប់ទម្លាប់ទៅសួរខាងមន្ទីសេដ្ឋកិច្ចនិងហិរញវត្ថុខេត្តទៅ។
ចំណែកលោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានបញ្ជក់ថា កន្លងមកលោកក៏បាននាំកម្លាំងចុះទៅបង្ក្រាបសង្វៀនជល់មាន់នេះផងដែរ គឺដោយសារម្ចាស់កន្លែងមិនបានបង់ពន្ធជូនរដ្ឋ តែឥឡូវគាត់បានបង់ពន្ធ ជូនរដ្ឋហើយ ហើយលោកបានបន្តទៀតថា តែនៅក្នុងច្បាប់គឺមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងនោះទេ គឺសម្រាប់តែជនជាតិបរទេសតែប៉ុណ្ណោះ។ គួររំលឹកផងដែរថា ល្បែងជល់មាន់ កត់កន្ទុយលេខបង្កើតជាអំពើហឹង្សាក្នុងគ្រួសារនិងមានចោរកម្មឆក់ប្លន់ជាដើម៕
មតិយោបល់