ព័ត៌មានសេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម៖ ព័ត៌មានអកុសលពី អង្ករប្លាស្ទិច ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល

នៅព្រឹកនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា ព័ត៌មានមិនពិតពីអង្ករប្លាស្ទិច គឺព័ត៌មានដ៏អកុសលបំផុត ដែលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ។

ក្រោយពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យមើលហាងលក់អង្ករដោយផ្ទាល់ ដើម្បីពិនិត្យគុណភាពអង្ករ និងស្វែងរកអង្ករបា្លស្ទិច លោកបានជួបផ្ទាល់ជាមួយអ្នកលក់ ហើយគ្មានបញ្ហាអង្ករប្លាស្ទិចកើតឡើងនោះទេ។

លោកបន្តថា ការផ្សព្វផ្សាយព័ត៌មានថាមានអង្ករប្លាស្ទិចនៅកម្ពុជា ជាព័ត៌មានអកុសលបំផុត ដែលត្រូវលុបបំបាត់ចោល ព្រោះវាធ្វើឲ្យមានវិបត្តិចលាចល អ្នកលក់ពិបាកលក់ ហើយអ្នកទិញក៏មិនហ៊ានទិញ ដែលបណ្តាលឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។

បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា កំពុងប្រមូលបញ្ហាទាក់ទងនឹងអង្ករប្លាស្ទិច និងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារព័ត៌មានមិនពិតនេះ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា អង្ករខ្មែរ ជាអង្ករលេខ ១ ដែលទទួលបានការបញ្ជាទិញយ៉ាងច្រើនពីប្រទេសចិន វៀតណាម ឥណ្ឌូនេស៊ី ទីម័រខាងកើតជាដើម។

ជាចុងក្រោយ ក្រសួងពាណិជ្ជកម្មក៏សំនូមពរដល់ប្រជាពលរដ្ឋ ដែលគិតថាទិញបានអង្ករផ្លាស្ទិក សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការភ្លាមៗ៕

fake-rice

មតិយោបល់