ព័ត៌មានជាតិ

កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា ស្នើដ្ឋាភិបាលកូរ៉េ ដំឡើងចំនួនជ្រើសរើសពលករ

ភ្នំពេញៈ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់សាធារណរដ្ឋកូរ៉េ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីបានជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងជួបជាមួយអាជ្ញាធរកូរ៉េផងនោះ។ ជាមួយគ្នា លោក ហ៊ុន ម៉ាណែត បានស្នើដល់អាជ្ញាធរកូរ៉េ ដើម្បីដោះស្រាយបញ្ហាពលករ និងស្នើឲ្យដំឡើងបន្ថែមកូតាជ្រើសរើសពលករខ្មែរ ទៅធ្វើការនៅទីនោះ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ទៅកាន់តំបន់ចំនួន២ នៅខេត្តឃ្យុងគីដូរ លោក ហ៊ុន ម៉ាណែត បានជួបជាមួយបងប្អូនខ្មែរ ដែលជាពលករ សិស្សនិស្សិត ក៏ដូចជាប្រធាន សមាគមខ្មែរនានា ដើម្បីចង់ដឹងអំពីទុក្ខលំបាករបស់បងប្អូន ពិសេស គឺបានជួបជាមួយអាជ្ញាធររបស់កូរ៉េ ដែលមានតំណាងរាស្ត្រតាមតំបន់ ក្រុមហ៊ុនឯកជន និងសភាពាណិជ្ជកម្ម។ ឆ្លៀតឱកាសនោះ លោកក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីខាងភាគីកូរ៉េ ដើម្បីជួយលើបញ្ហាពលករខ្មែរ ទាំងការដំឡើងកូតា ការគាំពារពលករខ្មែរ ពិសេស គឺស្នើសុំឲ្យមានអ្នកវិនិយោគកូរ៉េ មកកាន់ប្រទេសកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបជាមួយតំណាងរាស្ត្ររបស់សាធារណរដ្ឋកូរ៉េ លោកបានស្នើសុំការជួយដល់បងប្អូនពលករខ្មែរ និងសិស្សនិស្សិតបន្ថែមទៀត ពិសេស គឺការបន្ថែមកូតាពលករសម្រាប់កម្ពុជា ថែមទៀត។ លោកបន្តថា ការដែលភាគីកូរ៉េបន្ថែមនេះ គឺដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោកនៅបានកោតសរសើរដល់ពលករខ្មែរ នៅទីនោះ ដែលខិតខំប្រឹងប្រែងព្យាយាមធ្វើការបានល្អ មានចរិកស្លូតបូត ដែលធ្វើឲ្យក្រុមហ៊ុនរបស់កូរ៉េ ចង់បានពលករខ្មែរ ដើម្បីបំពេញការងារជាងជាតិសាសន៍ដទៃ។

គួរបញ្ជាក់ថា ក្នុងពិធីជួបជុំមួយជាមួយប្រជាពលរដ្ឋខ្មែរ ប្រមាណ៧០០នាក់ ក្នុងដំណើរទស្សនកិច្ច កាលពីចុងសប្តាហ៍ ដើម្បីអបអរសាទរខួបអនុស្សាវរីយបុណ្យឯករាជ្យជាតិលើកទី៦៣ និងពិសាអាហារសាមគ្គីក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងសណ្ឋាគារមួយកន្លែង ស្ថិតក្នុងទីក្រុងអានសាន ខេត្តឃ្យុងគីដូរ នៃសាធារណរដ្ឋកូរ៉េ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់លោកនៅក្រៅប្រទេស គឺមិនត្រឹមតែដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនោះទេ តែក៏ចង់ដឹងអំពីទុក្ខ ដើម្បីដោះស្រាយជូនពួកគាត់ផងដែរ៕

ក្នុងពីធីនោះ ក៏មានការចូលរួមពីឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ក្រុមការងារយុវជននៅក្រៅប្រទេស និងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ ដែលជាពលករ សិស្សនិស្សិត ប្រធាននិងតំណាងសមាគមនានា ព្រមទាំងវត្តមានតំណាងរាស្ត្រក្រុងអានសាន តំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ ចូលរួមទៀតផង៕

photo_2016-11-08_13-31-33photo_2016-11-08_13-31-24photo_2016-11-08_13-31-30photo_2016-11-08_13-31-27photo_2016-11-08_13-30-50photo_2016-11-08_13-31-11photo_2016-11-08_13-30-56photo_2016-11-08_13-31-08photo_2016-11-08_13-31-14photo_2016-11-08_13-31-17photo_2016-11-08_13-31-21

មតិយោបល់