ភ្នំពេញៈ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) បានបង្ហាញនូវរបាយការណ៍អន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុថា មនុស្សគឺជាអ្នកដែលបង្កឲ្យមានការកើនឡើង កំហាប់ឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រព័ន្ធបរិយាកាសនៃភពផែនដី ដោយប្រព័ន្ធបរិយាកាស និងមហាសមុទ្រកំពុងទទួលរងការគំរាមកំហែង ផែនទឹកកកនៅតំបន់ប៉ូលកំពុងថយចុះ ស្របពេលដែលកំណើននីវ៉ូទឹកសមុទ្រ និងកំហាប់ឧស្ម័នផ្ទះកញ្ចក់កំពុងបន្តកើនឡើងជាបន្តបន្ទាប់។
លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិ NGO Forun បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពីទំនាក់ទំនងរវាងមូលនិធិការបន្សុាំអាកាសធាតុ និងផែនការជាតិបន្សុាំការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍បែបនេះដល់ស្ថាប័នពាក់ព័ន្ធ មានស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ដើម្បីជ្រាបអំពីព័ត៌មាន និងចែករំលែកចំណេះដឹង បទពិសោធន៍ពីការអនុវត្តល្អៗ និងបញ្ហាប្រឈមនានា ពីគម្រោងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុរបស់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល។
លោកបន្តថា “ប្រសិនជាមនុស្សជាតិនៅតែបន្តបញ្ចេញឧស្ម័នផ្ទះកញ្ចក់ វានឹងបណ្តាលឲ្យមានការគំរាមកំហែង និងការផ្លាស់ប្តូរប្រព័ន្ធបរិយាកាសគ្រប់ផ្នែកទាំងអស់កាន់តែច្រើនឡើង។ ផ្ទុយមកវិញបើសិនជាយើងមានឆន្ទៈ និងមហិច្ឆិតាក្នុងការទប់កាត់ស្កាត់ ឬកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នោះភពផែនដីយើងអាចរក្សានូវស្ថេរភាពប្រព័ន្ធបរិយាកាស ហើយផលប៉ះពាល់មកលើមនុស្សជាតិក៏មិនធ្ងន់ធ្ងរដែរ”។
ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនេះ បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកំពុងអភិវឌ្ឍន៍ ឬអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជាជាដើម ដោយសារតែប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះ នៅមានចំណុចខ្វះខាតផ្នែកសមត្ថភាពបន្ស៊ាំ បច្ចេកវិទ្យាទំនើប ធនធានមនុស្ស និងថវិកា ពិសេសភាពការឆ្លើយតបទៅនឹងភាពងាយរងគ្រោះ។
លោក វណ្ណរ៉ា បញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសនានានៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា និងប្រទេសហ្វីលីពីន គឺជាប្រទេសដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ។ ក្នុងកំឡុងពេល២០ឆ្នាំកន្លងមកនេះ ដោយសារគ្រោះរាំងស្ងួត គ្រោះទឹកជំនន់បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ធនធាន និងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន៕
មតិយោបល់