បន្ទាយមានជ័យៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការចាប់ឃាត់ខ្លួនពីបទ រក្សាទុកនូវអាវុធហត្ថខុសច្បាប់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះកែវ ប៊ុនរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ អ៊ំ សុផា ភេទស្រី អាយុ ៤៧ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះ កែវ ប៊ុនរ័ត្ន រស់នៅជាមួយគ្នា (ជួលផ្ទះ)ក្នុងមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដែលកម្លាំងធ្វើការដកហូតបានរួមមានអាវុធម៉ាក K59 ចំនួន០១ដើម ដែលមានគ្រាប់០៣គ្រាប់ និងបង់ចំនួន០១។
អាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងថា កាំភ្លើងដែលកម្លាំងធ្វើការដកហូតបានពីជនសង្ស័យខាងលើនេះ ដោយកាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ខ្មាន (រត់គេចខ្លួនបាត់) យកកាំភ្លើងនេះទៅធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះឈ្មោះ រស់ រស្មី ភេទប្រុស អាយុ១៥ឆ្នាំ នៅចំណុចខាងក្រោយសណ្ឋាគារនាគមាសចាស់ នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីធ្វើសកម្ម ជនសង្ស័យឈ្មោះ ខ្មាន ខាងលើបានយកកាំភ្លើងដែលធ្វើសកម្មភាពរួចនោះ មកជីកដីកប់ លាក់ទុកនៅក្នុងដីក្បែរផ្ទះ ដោយបានផ្ញើរទុកនឹងជនសង្ស័យខាងលើ។ លុះដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក៏ត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវដកហូតនិងឃាត់ខ្លួនបានតែម្តង។ចំណែកជនសង្ស័យឈ្មោះ ខ្មាន គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់