ព័ត៌មានជាតិ

រមណីយដ្ឋានតំបន់ភ្នំចំនួន៣កន្លែង ត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ថែរក្សា ការពារ

កំពង់ធំ: លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ម្សិលមិញនេះ រួមទាំងប្រធានអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យដី ក្នុងតំបន់រមណីយដ្ឋាន ភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំ ដើម្បីរៀបចម្ការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីទប់ស្កាត់ការរុករាន ពីប្រជាពលរដ្ឋ។

ក្រោយពីធ្វើដំណើរត្រួតពិនិត្យនៅតំបន់ភ្នំចំនួនបីគឺ ភ្នំសន្ទុក ភ្នំស្រះខ្ចៅ និងភ្នំពែនជុំ ដែលស្ថិតនៅក្នុងឃុំចំនួនបួនគឺ ឃុំសន្ទុក ទីពោធន៍ ត្បូងក្រពើ និងឃុំជ្រប់ រួចមក លោកអភិបាលខេត្ត បានមានប្រសាសន៍ថា តំបន់នេះ ចែកចេញជាបី គឺ តំបន់ស្នូលតំបន់ទ្រនាប់ និងតំបន់រណប។ តំបន់ទាំងនេះ មានលក្ខណ:ដាច់ដោយឡែកពីគ្នា គឺការអាស្រ័យផលរបស់ប្រជាពលរដ្ឋក៏មានលក្ខណ:ខុសគ្នា ដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ និងអភិរក្ស។

លោកបន្តថា ទោះបីជាមានការរុករានពីប្រជាពលរដ្ឋក៏ដោយ ក៏តំបន់នេះ មិនទាន់ហួសពេលនៅឡើយទេ ដោយសារ ព្រៃធម្មជាតិរក្សានូវភាពដើមច្រើន ការដាំដើមឈើនៅតាមចង្កេះភ្នំរបស់ប្រជាពលរដ្ឋមិនទាន់មានការរុករានដល់លើភ្នំ នៅតំបន់ស្នូលមានដើមឈើដុះល្អៗ មានថ្ម ដែលមានលក្ខណ:ធម្មជាតិ សំណង់ អាស្រម នៅមិនទាន់មានលក្ខណ:រឹងមាំនៅឡើយ។

លោក បានបន្ថែមទៀតថា យើងនឹងរួមសហការគ្នាដើម្បីរិះរកវិធីសាស្ត្រដែលមានភាពល្អប្រសើរសម្រាប់ គ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្ត្រទាំងនេះ ហើយការគ្រប់គ្រងក៏មិនមែននូវតែរក្សាភាពដើមទាំងអស់ដែរ គឺយើងនឹងឈានទៅរកការប្រែប្រួលដី ដែលប្រជាពលរដ្ឋរុករានកន្លងមកនោះឲ្យមានប្រយោជន៍ឡើងវិញ អ្វីដែលមានលក្ខណ:ដើមត្រូវឲ្យមានប្រសិទ្ធភាព កុំឲ្យមានការប៉ះពាល់តទៅទៀត ។ ប្រជាពលរដ្ឋដែលប្រើប្រាស់ដីហើយ ត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីអប់រំអំពីការប្រើប្រាស់និងស្វែងយល់ពីផលប្រយោជន៍របស់ពួកគាត់។

លោកអភិបាលខេត្ត មានប្រសាសន៍សង្កត់ធ្ងន់ថា ការអភិរក្សនេះ គឺដើម្បី ឲ្យមានភាពគង់វង្សនៃកេរ្តិ៍ ដំណែល ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់តួភ្នំ មិនឲ្យមានការសឹករិចរិល រក្សាទុកនូវធនធាននេះទៅថ្ងៃអនាគត ដើម្បីមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ពោលដើម្បីអភិវឌ្ឍ នឹងឈានដល់ការវិនិយោគក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ គួបផ្សំនិងការកែច្នៃ សហគមន៍ដែលនៅជុំវិញឲ្យពួកគាត់ទទួលបានផលតាមរយ:ការដាំដុះ និងការលក់វត្ថុធាតុដើមដែលមានក្នុងមូលដ្ឋាន ហើយលក្ខណ:សំខាន់គឺឲ្យប្រជាពលរដ្ឋយល់ដឹងពីការថែរក្សានូវរមណីយដ្ឋានទាំងអស់នេះ៕

អភិបាលខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ

មតិយោបល់