ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ សហការជាមួយនិងនគរបាលប៉ុស្តិ៍ព្រែកថ្មី បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្តែងមួយ ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨ និង ៥០នាទីយប់ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចក្នុងខ្ទមចាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ ភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ លី ចន្ទវីរៈ ហៅហ្វា អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ អ៊ុន គន្ធារស្មី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកោះក្របី សង្កាត់ព្រេកថ្មី ខណ្ឌច្បារអំពៅជាមួយគ្នា។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ទើបធ្វើការសហការជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ឆ្មក់ចុះបង្ក្រាបតែម្តង ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ២៣កញ្ចប់ កាំភ្លើងខ្យល់មួយដើម ជាមួយនឹងគ្រាប់ជាច្រើន ដាវសាម៉ូរ៉ៃចំនួនពីរដើម រួមទាំងវត្ថុតាមួយចំនួនធំទៀតផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

drug-1drug-2drug-3drug-4drug-5drug-6

មតិយោបល់