កំពង់ស្ពឺ ៖ បុរសជាកម្មករធ្វើផ្លូវល្បឿនម្នាក់ត្រូវបានរ៉ូកិនថ្នល់ដាច់ហ្វ្រាំងជ្រុលកិនស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើផ្លូវ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី លើផ្លូវល្បឿនលឿនត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរ៉ូឡូ០១គ្រឿងពណ៌លឿង ម៉ាក LIUGONG គ្មានពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( គេចខ្លួនក្រោយពេលកើតហេតុរួច ) បើកបរពីទិសខាងលិចទៅទិសខាងកើត ។
ប្រភពបន្តថា ពេលបើកមកដល់ចំណុចខាងលើ រ៉ូឡូបានដាច់ហ្វ្រាំងជ្រុលទៅមុខកិនឈ្មោះ មួង សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាកម្មករធ្វើផ្លូវល្បឿនលឿន ដែលកំពុងអង្គុយនៅលើផ្លូវ បណ្តាលអោយស្លាប់កន្លែងកើតហេតុ ។
បច្ចុប្បន្ន វត្ថុតាងចាត់ចែងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ។ ចំណែកសាកសពក្រោយពីធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យបានប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់