កណ្ដាលៈ ករណីផ្ទុះហិង្សាក្នុងគ្រួសារមួយបានកើតឡើងវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួត លាងហេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (មានជំងឺសរសៃប្រសាទស្លាប់) ត្រូវជាកូន ឈ្មោះ ឃី សុខគីម ភេទស្រី អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ ជរា (របួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត អ្នកទាំង២ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។ ចំណែកជនបង្កត្រូវជាប្អូនមានឈ្មោះ ហួត សុងតិច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។
លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតឈ្មោះ ហួត លាងហេង បានឈ្លោះប្រកែកគ្នា ជាមួយ ឈ្មោះ ហួត សុងតិច ភ្លាមនោះ ឈ្មោះ ហួត លាងហេង បានកាន់កាំបិតបុ័ងតោ ដើរសំដៅមករកម្តាយ ឈ្មោះ ឃី សុខគីម ពេលឃើញដូច្នេះ ឈ្មោះ សុងតិច តាមមកមើល ឃើញឈ្មោះ លាងហេង កាប់ក្បាលម្តាយជាច្រើនកាំបិត រំពេចនោះ ឈ្មោះ សុងតិច យកដំបងឈើមូលប្រវែងប្រហែល១ម៉ែត្រ វាយក្បាល ឈ្មោះ លាងហេង ១ដំបង ហើយក៏មានប្រតាយប្រតបគ្នា បណ្តាលឲ្យឈ្មោះ លាងហេង កាប់ត្រូវកដៃ ឈ្មោះ សុងតិច១កាំបិត ពេលនោះឈ្មោះ សុងតិច បានវាយដំបង២ដំបងចំក្បាលឈ្មោះ លាងហេង បន្ថែមទៀត បណ្តាលឲ្យស្លាប់នឹងកន្លែងតែម្តង។
ក្រោយកើតហេតុ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកស្អាង បានចុះទៅឃាត់ខ្លួនជនបង្កភ្លាមៗផងដែរ ហើយបានហៅរថយន្តសង្គ្រោះដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
https://youtu.be/EQqLYz9hlLY
មតិយោបល់