ព័ត៌មានជាតិ

លោក ថាច់ រតនា៖ ការ​បង្កបង្កើនផល​ស្រូវប្រដេញ​ទឹករបស់​​​កសិករ​ខេត្តស្វាយរៀង កើនជាង​២ពាន់​ហិកតាហើយ​

ស្វាយរៀងៈ ​ទោះបី​ទីផ្សារ​ស្រូវ អង្ករ មានការ​ចុះថ្លៃ​បន្តិច​ក្តី រហូតមកដល់​ចុងខែ​វិច្ឆិកា ​ឆ្នាំនេះ ​កសិករ​នៅ​ទូទាំង​ខេត្តស្វាយរៀង ​ចុះ​ធ្វើស្រែ​ប្រដេញទឹក ​និងស្រែប្រាំង​បាន​ជាង​១០​ភាគរយ​នៃ​ផែនការ​ផលិត​ស្រូវ​ប្រចាំឆ្នាំ។

នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្វាយរៀងបាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ជំនន់​ទឹកភ្លៀង និងជំនន់​ទឹកទន្លេ​ស្រក​ចុះ​បន្តិច កសិករ​ដែល​មាន​ដី​ទំនាបនៅក្នុង​ស្រុក​កំពង់រោទិ៍ ចន្ទ្រា ស្វាយជ្រំ និងក្រុង​ស្វាយរៀង រហូតមកដល់​ពេលនេះ ​សម្រេច​ធ្វើស្រែ​ប្រដេញទឹក និងស្រែប្រាំង ជាង​២ពាន់​ហិកតា​ហើយ​ លើ​ផែននៃការផលិត​ស្រូវ​ប្រចាំឆ្នាំ​ជាង​២​ម៉ឺន​ហិកតា ។

លោក បន្តថា ស្រុក​ដែល​ផលិត​ស្រូវប្រដេញទឹក និងស្រែប្រាំង​បាន​ច្រើន​ជាងគេ គឺ​ស្រុក​ចន្ទ្រា និងស្រុក​កំពង់រោទិ៍ ឯ​ស្រុក​មួយចំនួនទៀត ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ ដោយ​សារ​ទឹកទន្លេ និងទឹកភ្លៀង​នៅ​បន្ត​ជន់ ​មិនទាន់​​អាច​ផលិត​ស្រូវ​បាន​។ ទន្ទឹម​នឹង​ការងារ​ធ្វើស្រែ​ប្រាំង និងស្រូវប្រដេញទឹក នៅ​ចុងខែ​វិច្ឆិកានេះ កសិករ​នៅ​ទូទាំង​ខេត្ត បានធ្វើការ​ប្រមូល​ផល​ស្រូវ​ស្រាល និង ស្រូវ​កណ្តាល បាន​ជាង​៦​ពាន់​ហិកតា ​ដោយ​ទទួលបាន​ទិន្នផល​ពី​៣​ទៅជិត​៤​តោន​ក្នុង​មួយ​ហិកតា។

លោក ក៏បានបញ្ជាក់ថា ​នៅ​រដូវវស្សា​ឆ្នាំ​២០១៦​នេះ កសិករ​ខេត្តស្វាយរៀង​ ទោះ​ជួបនឹង​គ្រោះរាំងស្ងួត​នៅ​ពាក់កណ្តាល​រដូវ ក្នុង​ឃុំ​មួយ​ចំនួន​របស់​ស្រុក​រមាសហែក ស្រុក​រំដួល ជំនន់​ទឹកភ្លៀង រួម​នឹងទឹកទន្លេ​បន្តិច​ក្តី ក៏​កសិករ​នៅតែ​បន្ត​សម្រេច​ផលិត​ស្រូវ​គ្រប់​ប្រភេទ ​សម្រាប់​បម្រើ​ជីវភាព​គ្រួសារ និងបម្រើ​ការ​នាំ​ផលិតផល​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​បាន​លើស​ផែនការ​ផលិត​ស្រូវ​ប្រចាំឆ្នាំ​១៦​ម៉ឺន​៥​ពាន់​ហិកតា​ដែរ៕

ស្រូវប្រដេញទឹកស្រូវប្រដេញទឹកស្រូវប្រដេញទឹកស្រូវប្រដេញទឹកស្រូវប្រដេញទឹក

មតិយោបល់